ស្លាប់ម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកន្រ្តៃនិងម៉ូតូ

0

បាត់ដំបង៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១២និង០៥នាទី ត្រង់ចំណុចផ្លូវកំពុងក្រាលគ្រោះកៅស៊ូ ចំណុចក្រុមទី០៥ ស្ថិតក្នុងភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតទ្បើងចំនួន ០១លើក រវាងគោយន្តកន្រ្តៃនិងម៉ូតូ ដែលបណ្តាលអោយស្លាប់មនុស្ស ០១នាក់។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានរាយការណ៍អោយដឹងថា មានអ្នកបើកបរគោយន្តកន្រ្តៃ ពណ៍ក្រហម អ្នកបើកបរឈ្មោះ សឿម ប៊ុនថា ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បើកបរពីទិសលិចមកទិសកើតពេលមកដល់កន្លែងកើតហេតុផ្លូវកោងខ្លាំង ស្រាប់តែមានម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ (ម៉ូតូចាស់) បើកបរដោយឈ្មោះ ពេជ្រ ធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបើកបរពីទិសកើតទៅទិសលិច បើកបរចូលទ្រូងផ្លូវខាងឆ្វេងចូលផ្លូវគោយន្តខាងស្តាំ ក៏បានបុកចំកង់គោយន្តកន្រ្តៃខាងឆ្វេងបណ្តាលអោយភាគីខាងម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពីកើតហេតុរួច អ្នកបើកបរគោយន្តកន្រ្ទៃបានរត់គេចខ្លួនពីកន្លែងកើតហេតុ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីម៉ូតូបើកបរលឿនទើបចូលផ្លូវគោយន្តកន្រ្តៃ បណ្ដាលអោយបុកចំកង់គោយន្តកន្រ្តៃពេញមួយទំហឹងតែម្ដង។

បច្ចុប្បន្ន នគរបាលជំនាញដកហូតមធ្យោបាយបង្កទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការស្រុក ដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ