យកលេសខ្ចីម៉ូតូ ជិះទៅហើយមិនត្រលប់យកមកអោយម្ចាស់វិញ

0

បាត់ដំបង៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១និង២០នាទី នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីចោរលួចម៉ូតូចំនួន ០១គ្រឿង សមត្ថកិច្ចបានទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ សំ ចាន់រ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជឿន លាងហ៑រ ភេទប្រុស (ភេទទី៣) អាយុ ២២ឆ្នាំ ទីលំនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ ជឿន លាងហ៑រ មកកាន់អធិការដ្ឋាននគរបាល ស្រុកបាណន់ ដើម្បីធ្វើការសាកសួរក្រោយពីសាកសួរខ្លួនបានសារភាពថាបាន លួចម៉ូតូ ជនរង់គ្រោះឈ្មោះ សំ ចាន់រ៉ាត់ ពិតប្រាកដមែន។ សម្ភារៈដកហូតបានរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ូតូម៉ាក វេវអាល់ហ្វា ពណ៌ខ្មៅលាយទឹកប្រាក់ C100 ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ 1N-9240 បាត់ដំបង។ ជនរងគ្រោះឈ្មោះ សំ ចាន់រ៉ាត់ បានខ្ចីម្ចាស់ម៉ូតូរបស់ឈ្មោះ ខន ជ័យជំនះ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាឌុបកូនប្រុស អាយុ ៣ឆ្នាំ មក លេងផ្ទះឈ្មោះ ជា នៅផ្សាសំណង់កំពីងពួយ ហើយដាក់ម៉ូតូនៅលើចិញ្ចើមផ្លូវមិនបានដកសោចេញពីម៉ូតូដើរចូលទៅលេងផ្ទះឈ្មោះ ជា ប្រហែលជា២០នាទី ត្រឡប់មកម៉ូតូវិញស្រាប់តែបាត់ម៉ូតូ ក៏បានទូរស័ព្ទប្រាប់ទៅម្ចាស់ម៉ូតូនាំគ្នាជួយរកស្រាប់តែឃើញម៉ូតូរុញចោលក្រោមខ្នងទំនប់កំពីងពួយបានចំងាយប្រហែល ១,០០០ម៉ែត្រ ដោយម៉ូតូអស់សាំង ឯជនសង្ស័យបានរត់គេចខ្លួនចំងាយពីម៉ូតូប្រហែល ១០០ម៉ែត្រ ត្រូវបានកំលាំងប៉ុស្តិ៍សហការជាមួយកំលាំងប្រជាការពារ ឃាត់ខ្លួនយកមកប៉ុស្តិនគរបាលរដ្ឋបាលតាគ្រាមដើម្បីសាកសួរបឋម។

នាពេលនេះ ជនសង័្សយត្រូវបានកម្លាំងនគរបាលស្រុករៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ