ពោធិ៍សាត់៖ ស្ត្រីមានវិបត្តិផ្លូវចិត្តម្នាក់ សម្រេចចិត្តលួចធ្វើអត្តឃាដ ចងកសម្លាប់ខ្លួន បញ្ចប់ជីវិត ហេតុការណ៍នេះកើតឡើង នៅលើចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីម៉ោង១៥និង២០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ២០២២ ។
យោងកំណត់ហេតុបំភ្លឺ របស់ឈ្មោះ ឃឹម សុន អាយុ ៧៥ឆ្នាំ ភេទស្រី ត្រូវជាម្ដាយនៃសព បានបំភ្លឺថាជនរងគ្រោះ ឈ្មោះ ងួន សារឿន កាលពីកន្លះខែមុនតែងតែនិយាយរអ៊ូប្រាប់ខ្លួនថាចង់ស្លាប់ព្រោះរាល់ថ្ងៃនេះពិបាកណាស់លុះដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កូនរបស់ខ្លួនបានធ្វើសកម្មភាពចងក ស្លាប់មែន ។
យោងកំណត់ហេតុបំភ្លឺ របស់ឈ្មោះ នឿន សុខានី អាយុ ០៩ឆ្នាំ ភេទស្រី ត្រូវជាកូននៃសព បានបំភ្លឺថា ខ្លួនបានហូបបាយថ្ងៃត្រង់រួចហើយក៏ចូលដេកលើគ្រែក្នុងផ្ទះ ពេលខ្លួនភ្ញាក់ពីដេក ក៏ឃើញម្ដាយចងកនៅក្នុងផ្ទះ រួចខ្លួនក៏រត់ទៅប្រាប់អ៊ុំអោយមកជួយសង្រ្គោះតែម្ដាយខ្លួនស្លាប់បាត់ហើយ ។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ងួន សាវឿន ភេទស្រី ឆ្នាំកំណើត១៣.០៤ .១៩៨៩ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានចងកនិងខ្សែលីឡុងពណ៌សភ្ជាប់នឹងកាឡុសផ្ទះបណ្ដាលអោយស្លាប់ ។
លោកអធិការបន្តថា ក្រោយពីពេទ្យ ជំនាញបច្ចេកទេសពិនិត្យវិភាគខេត្ត និងស្រុក ធ្វើកោសល្យវិច្ឆ័យ និងពិនិត្យកន្លែងកើតហេតុ សន្និដ្ឋានបានថាពុំពាក់ព័ន្ធករណីឃាតកម្មទេ សមត្ថកិច្ចបានធ្វើកំណត់ហេតុនឹងរៀបចំនិតិវិធីប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ