ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បង្ហាញមុខជនសង្ស័យចំនួន០៧នាក់ ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើប្លន់ កាប់ទៅលើជនរងគ្រោះយកម៉ូតូ០១គ្រឿង បានសម្រេចនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយពីកម្លាំងជំនាញព្រហ្មទណ្ឌចំណាយពេលជាច្រើនម៉ោងស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញកាលពីយប់អធ្រាត្រថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។បន្ទាប់ពីជនស្ស័យបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូជនរងគ្រោះនៅចំណុចមុខឃ្លាំងលក់ភេសជ្ជៈគ្រប់មុខ ផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៤និង ៣០នាទី ព្រឹកទៀបភ្លឺ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញប្រាប់ឱ្យដឹងថាកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌបង្រ្កាបចាប់ខ្លួនជនសង្ស័យក្នុងអំពើប្លន់ម៉ូតូបានសម្រេចបាននៅពេលនេះគឺអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីឯកឧត្តមស្នងការបានទទួលព័ត៌មានប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ ។លុះបន្ទាប់មកកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌចុះសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីស្រាវជ្រាវហើយឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ នឹងបង្រ្កាបបានជនសង្ស័យជាបន្តបន្ទាប់០៧នាក់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញខណៈពួកវាព្យាយាមរត់គេចខ្លួន។
លោកនាយការិយាល័យនគរបាលប្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងទៀតថា៖ករណីអំពើប្លន់នេះគឺមុនពេលកើតហេតុមានជនសង្ស័យចំនួន០៩នាក់ ជិះម៉ូតូចំនួន០៤ គ្រឿង បានធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ហើយ ក៏បានឃើញជនរងគ្រោះឈ្មោះ ខឹម ស្រស់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខកំពង់ស្ពឺ១O ៦៦១១ ម្នាក់ឯង ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូដេញតាមជនរងគ្រោះ ឃើញដូច្នោះជនរងគ្រោះក៏បានផ្តួលម៉ូតូចោលក៏រត់គេចខ្លួន ប៉ុន្តែមានជនសង្ស័យចំនួន០៣នាក់ ដៃកាន់ដាវកាំបិតបុ័ងតោ និងដាវកែច្នៃ បានរត់ដេញតាមទាន់ជនរងគ្រោះពួកវាក៏ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាច្រើនដាវនិងកំបិត បណ្តាលឱ្យជនរងគ្រោះរងរបួសជាធ្ងន់ បន្ទាប់មកពួកវា លើកយកម៉ូតូរបស់ជនរងគ្រោះឌុបបក្ខពួក ជិះគេចខ្លួន ហើយបក្ខពួកផ្សេងទៀតជិះម៉ូតូបិទគូថពីក្រោយក៏បាននាំគេចខ្លួនបាត់អស់តែម្តង ។ ក្រោយពីអំពើប្លន់នោះហើយ កម្លាំងជំនាញព្រហ្មទណ្ឌក៏បានស្រាវជ្រាវបង្រ្កាបបានជនសង្ស័យ០៧នាក់ រួមមានឈ្មោះ១- សួន មុន្នីវឌ្ឍនា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូនទំនិញក្រុមហ៊ុនហ្វូតផេនដា ស្នាក់នៅផ្ទះលេខ៤៤៣អា ផ្លូវលំ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។២- ជា បូណាធីស័ក្ក ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរសព្ទ័ដៃ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៣- សុខ សុភី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។៤-សែត រ៉ាវី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។៥- រ៉េត ការិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទាអាំង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។៦- ញាន សុថាន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៧-ឈ្មោះ ភូ សុខហេង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវបេតុង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។វត្ថុតាងចាប់យក -ដាវចំនួន ០១ដើម -កាំបិតប៉័ងតោ ចំនួន០១ដើម និងភស្តុតាងម៉ូតូរបស់ជនរងគ្រោះ
ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន ៥៩៣១៤១ ពាក់ផ្លាកលេខកំពង់ស្ពឺ១O-៦៦១១។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយនឹងអប់រំ