សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមកប្រទេសកម្ពុជានៅខែក្រោយនេះ

0

ព្រែវែង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ ពីកាលបរិច្ឆេទច្បាស់លាស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តទៅនៅអំឡុងសប្ដាហ៍ទីពីរនៃខែវិច្ឆិកាខាមុខនោះ។

ក្នុងពិធីសំណេះសំណាល ផ្ដល់ស្រូវពូជ និងចែងស្បៀងអាហារ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួនជាង ៦ ០០០គ្រួសារ នៅខេត្តព្រៃវែងនាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបប្រជាពលរដ្ឋថា កន្លងមកសម្ដេចពុំទាន់បានប្រកាសនោះទេ អំពីការអញ្ជើញមកកាន់កម្ពុជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដោសារភាគីខាងសហរដ្ឋអាមេរិកក៏មិនទាន់បាន បញ្ជាក់មកយើង ហើយទុកឱ្យខាងសេតវិមានបញ្ជាក់វិញ។

សម្ដេចតេជោបន្តថា ឥឡូវច្បាស់លាស់ហើយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នឹងធ្វើដំណើរមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅរាជធានីភ្នំពេញ។ បើតាមសេចក្ដីប្រកាសនោះ គាត់នឹងចាកចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអេហ្ស៊ីប ចេញពីអេហ្ស៊ីបមកកាន់កម្ពុជា និងចេញពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់មកគាត់នឹងត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។

ជាមួយគ្នានេះ ឯកឧត្ដម ចូ បៃដិន ក៏នឹងបញ្ជូនអនុប្រធានាធិបតីសហរដ្ឋអាមេរិក មកចូលរួមកិច្ចប្រជុំ អេប៉ិច នៅទីក្រុងបាងកក ប្រទេសថៃផងដែរ។ ដូច្នេះនៅពេលខាងមុខនេះ ពិតជាមានការប្រជុំច្រើន ហើយមិត្តភក្ដិបរទេសរបស់យើងក៏មានចំនួនច្រើន។ ចំពោះកាលបរិច្ឆេទនៃការជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន សម្ដេចតេជោ បានថ្លែងថា ច្បាស់លាស់ហើយនៃការកំណត់ពេលវេលាសម្រាប់ការជួបរវាងសម្ដេច ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅសៀលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៤រសៀល ម៉ោងនៅភ្នំពេញ ត្រូវនឹងម៉ោង១១ថ្ងៃត្រង់ នៅទីក្រុងគៀវ។ ដូច្នេះយើងនឹងមានការសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែន។

សម្ដេចតេជោថ្លែងឱ្យដឹងទៀតថា យើងកំពុងតែរង់ចាំមិត្តរុស្ស៊ីរបស់យើង តើប្រធានាធិបតី ពូទីន អញ្ជើញមកកាន់កម្ពុជា ឬអត់ ដើម្បីចូលរួមកិច្ចប្រជុំ។ ឆ្នាំនេះយើងមានការប្រជុំច្រើន រដ្ឋមន្ត្រីរបស់យើងគ្រប់ក្រសួង ស្ថាប័ន បានធ្វើការងារច្រើន ជាមួយនឹងការងារក្នុងប្រទេសផង និងការងារបរទេសផង ក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២២នេះ៕

ប្រភព៖ ក្រសួងព័ត៌មាន