ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២២ វេលាម៉ោង៦និង៣០នាទីព្រឹក នៅចំណុចផ្លូវលេខ៣៤៥ ក្រុមទី១ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីឆក់កាបូប ហើយជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព ។
ជនរងគ្រោះឈ្មោះ យូ ខេមារ៉ា ភេទស្រី អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ23D ផ្លូវលំ ក្រុមទី១ ភូមិ គង្គាផុស សង្កាត់ ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកប្រៃសនីយ៍កម្ពុជា ។ ចំណែកជនសង្ស័យឈ្មោះ ម៉ៅ ផារិទ្ធ ភេទ ប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ ចំការដូង ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ធ្លាប់ប្រើប្រាស់សាធាតុញៀន)។
ដកហូតវត្ថុតាំងរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកBeat ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1HT-7853 (ជារបស់ជនសង្ស័យ) ,ទូរស័ព្ទ០២គ្រឿង និងកាបូស្ពាយចំហៀងមួយរបស់ជនរងគ្រោះ (បានប្រគល់ជូនជនរងគ្រោះវិញ) ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកឃ្លីគ មានជិះគ្នាចំនួន០៣នាក់ប្តីនិងកូន ចេញពីផ្ទះតាមផ្លូវ៣៤៥ ទិសដៅពីលិចទៅកើត ក៏ស្រាប់តែជនសង្ស័យជិះពីក្រោយ ។ លុះមកដល់ចំណុចកើតហេតុធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ តែពុំបានសម្រេចបណ្តាលអោយដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋជួយចាប់ឃាត់ខ្លួន ស្របពេលកម្លាំងល្បាតខណ្ឌ/ប៉ុស្តិ៍ឃើញក៏បាននាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ