ព្រះសីហនុ៖ នគរបាលឃាត់ខ្លួនជនជាតិតៃវ៉ាន់ចំនួន២នាក់ ដកហូតអាវុធខ្លី២ដើមនិងម្សៅថ្នាំញៀនមួយចំនួន។ លោកឧត្តមសេនីយ៌ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានអោយដឹងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ថា ការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់២នាក់នេះ ធ្វើឡើងក្រោយពីមានករណីផ្ទុះអាវុធច្រើនគ្រាប់ កាលពីព្រឹកព្រលឹមថ្ងៃទី ២២ ខែតុលា២០២២ នៅក្បែរអាគារក្រុមហ៊ុន មួយកន្លែង មានទីតាំងស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាមរយៈពេលជាង២ម៉ោង កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ និងដកហូតបានវត្ថុតាងដូចខាងក្រោម៖
– អាវុធខ្លីចំនួន ០២ដើម ទី១ ម៉ាក Glock 43 ពណ៌ខ្មៅ លេខៈ BTMB677 ,បង់២ គ្មានគ្រាប់ និងទី២ម៉ាក Glock 19 ពណ៌ប្រផេះ លេខៈ AFPC642 ,បង់២ មាន ១២គ្រាប់ (9mm)
– គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ២៩គ្រាប់
– ខ្នោះដៃ ០២គូរ
– ម្សៅក្រាម ០៣កញ្ចប់តូច (សង្ស័យជាសារធាតុញៀន)
– ជញ្ជីងផ្លឹង ០១គ្រឿង
– សម្ភារៈផ្សេងៗមួយចំនួន ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី តាមផ្លូវច្បាប់៕
ប្រភព៖ Huy Bunleng News