ព្រះសីហនុ៖ កន្លងមករដ្ឋបាលក្រុងព្រះសីហនុ បានចុះផ្សព្វផ្សាយអប់រំជាប្រចាំទាំងផ្ទាល់មាត់ និងនៅក្នុងអង្គប្រជុំ អំពីការបើកបរម៉ូតូទឹកនៅលើផ្ទែសមុទ្រ ដោយត្រូវរក្សាគម្លាត យ៉ាងតិចបំផុតចំងាយ៥០ម៉ែត្រ ពីកន្លែងភ្ញៀវទេសចរលេងទឹក ដើម្បីរក្សាសុវត្ថិភាពភ្ញៀវ។ ផ្ទុយទៅវិញម្ចាស់អាជីវកម្មជួលម៉ូតូទឹកមួយចំនួន មិនបានគោរពតាមការណែនាំរបស់រដ្ឋបាលក្រុងព្រះសីហនុនោះទេ ដោយនៅតែបន្តបើកបរម៉ូតូទឹកនេះចូលទៅក្នុងទីតាំងហាមឃាត់ និងបានបើកបរឆាបគ្នានៅក្នុងហ្វូងភ្ញៀវទេសចរ ដែលកំពុងលេងទឹក ដែលសកម្មភាពនេះ គឺអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវជាយថាហេតុ ។
ជាក់ស្តែង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ បានសម្រេចឃាត់ម៉ូតូទឹក០១គ្រឿងរបស់ឈ្មោះ ហុង ដែលបានបើកបរបំពានសេចក្តីណែនាំរបស់អាជ្ញាធរក្រុងព្រះសីហនុ មករក្សាទុកនៅសាលាក្រុងជាបណ្តោះអាសន្នដើម្បីធ្វើការអប់រំណែនាំ។ ជាមួយគ្នានេះ ឈ្មោះ ហុង គឺមិនបានចូលរួមសហការនោះទេ ថែមទាំងធ្វើការបង្ហោះសារនៅលើ Tik Tok ឈ្មោះ Ko Hong ដោយភ្ជាប់ខ្លឹមសារវាយប្រហារ និងបរិហារកេរ្តិ៍មកលើអាជ្ញាធរសាធារណៈដែលកំពុងចុះអនុវត្តការងារ។ ទង្វើរបស់បុគ្គលរូបនេះ គឺបានធ្វើឱ្យសាធារណមតិមានការភាន់ច្រឡំ មកលើក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ ដែលបានអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់ និងការពារផលប្រយោជន៍សាធារណៈ តែត្រូវទទួលរងការចោទប្រកាន់ទៅវិញ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ