ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបានគូសបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិបានត្រៀមកម្លាំងជាង១ម៉ឺននាក់ សម្រាប់ការពារសន្តិសុខ គណៈប្រតិភូ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ខែ វិច្ឆិកា ឆ្នាំ២០២២ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា កងកម្លាំងកម្ពុជាបានដាក់ផែនការយ៉ាងលម្អិតលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ គ្រប់ទីតាំងទាំងអស់ដែលមេដឹកនាំជាតិ អន្តរជាតិឆ្លងកាត់ ស្នាក់នៅ និងប្រារព្ធកម្មវិធីផ្សេងៗទៅតាមព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ឯកឧត្ដមឧត្ដមសេនីយ៍ឯកបានថ្លែងបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្ដាដៃគូមួយចំនួនដូចជា ស្ថាប័ននគរបាលអន្តរជាតិអាំងទែប៉ូល ស្ថាប័ននគរបាលក្នុងតំបន់អាស៊ានប៉ូល ជាមួយការិយាល័យ FBI អគ្គស្នងការដ្ឋាននគរបាលប្រទេសសិង្ហបុរី សហការជាមួយជប៉ុន នគរបាលវៀតណាម នគរបាលចិន អូស្ត្រាលី និងដៃគូមួយចំនួនទៀត។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងបន្ថែមថា អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការគាំទ្រ និងសហការក្នុងការផ្លាស់ប្ដូរព័ត៌មានផ្នែកសន្តិសុខ ដើម្បីទប់ស្កាត់នូវបញ្ហាភេរវកម្ម និងផ្លាស់ប្ដូរព័ត៌មានដែលពាក់ព័ន្ធដល់កិច្ចការពារដល់កិច្ចប្រជុំកំពូលអាស៊ាន រួមទាំងការសន្យាផ្ដល់បទពិសោធន៍ ផ្ដល់ការបណ្តុះបណា្ដល ដើម្បីជួយគាំទ្រដល់កិច្ចការពារកិច្ចប្រជុំកំពូលអាស៊ាននេះ។
សូមជម្រាបជូនថា អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការគាំទ្រផ្នែកមធ្យោបាយសម្ភារ មួយចំនួនដូចជា ម៉ាស៊ីន X-Ray ក្លោងទ្វារសុវត្ថិភាព រថយន្តនាំក្បួន រថយន្តការពារគ្រាប់ រថយន្តដឹកកម្លាំង ម៉ូតូហែអម ម៉ូតូល្បាត ឧបករណ៍សម្ភារ ត្រួតពិនិត្យជាតិពុលជាតិផ្ទុះជាដើម។ សម្រាប់ជំនួយទាំងអស់នោះ គឺមានភាគីជប៉ុន វៀតណាម និងចិន ដែលបានជួយគាំទ្រ៕
ប្រភព៖ ក្រសួងព័ត៌មាន