ព្រោះតែរឿងលុយ ១០ម៉ឺនរៀល!! ធ្វើអោយប្រពន្ធចុងប្រើកន្ត្រៃចាក់ទៅលើបុរសជាប្តី

0

បាត់ដំបង៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២២និង៣០នាទី មានករណីឃាតកម្មបណ្តាលអោយមនុស្សប្រុស ០១នាក់បានស្លាប់បាត់បង់ជីវិត ត្រង់ចំណុចផ្ទះជួល ក្រុមទី១០ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ អាន់ វុធ ភេទប្រុស អាយុ៤៦ឆ្នាំ បានដេកស្លាប់ដោយមានស្នាមរលាត់ស្បែកត្រង់ទ្រូង និងដៃនៅក្នុងបន្ទប់ផ្ទះរបស់ឈ្មោះ នេត ចំប៉ី ភេទស្រី អាយុ ៥៣ឆ្នាំ (ជាស្ត្រីមេ ម៉ាយ) រស់នៅចំណុចកើតហេតុខាងលើ ដោយពុំទាន់ដឹងមូលហេតុ ពេលនេះស្ត្រីជាម្ចាស់ផ្ទះខាងលើបានរត់គេចខ្លួនបាត់។

ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការដ្ឋាននគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៍នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំសំពៅ បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាជនសង្ស័យជាស្ត្រីមេម៉ាយដែលស្នាក់នៅជាមួយជនរងគ្រោះខាងលើ។

រហូតដល់វេលាម៉ោង០០និង២០នាទីរំលតអធ្រាត្រ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ស្រ្តីជាជនសង្ស័យបានចូលខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅដើម្បីសារភាព តាមចម្លើយសារភាពបានអោយដឹងថា ខ្លួនបានរួមរស់ជាមួយជនរងគ្រោះនៅក្នុងបន្ទប់ជួលខាងលើ នៅថ្ងៃកើតហេតុខ្លួនបានមានជម្លោះប្រតាយប្រតប់គ្នាដោយមូលហេតុ ខ្លួនខឹងនឹងជនរងគ្រោះមិនផ្ដល់លុយឲ្យខ្លួនចំនួន១០០.០០០រៀល ក្នុង១ខែ និងខឹងប្រពន្ធដើមជនរងគ្រោះនិយាយមិនល្អពីខ្លួន ទើបបង្កជាហិង្សាយកកន្ត្រៃចាក់ទៅលើជនរងគ្រោះ ឈ្មោះ អាន់ វុធ ដែលត្រូវជាប្ដីចុងនោះរហូតដល់ស្លាប់ រួចប្រើអាល់កុលចាក់ដុតបន្ថែមក្នុងបន្ទប់ផ្ទះជនសង្ស័យទៀត ដោយមិនទាន់ដឹងថាជនរងគ្រោះស្លាប់ឬរស់ផងនោះផង ជនសង្ស័យក៏បានរត់គេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុក ធ្វើការឃាត់ខ្លួននៅអធិការស្រុកនគរបាលស្រុក និងកំពុងកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ