ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ចាប់បញ្ជូនជនសង្ស័យជាក្មេងទំនើង០៨នាក់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ក្រោយរងការបង្រ្កាបចាប់ខ្លួនជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។បន្ទាប់ពីក្មេងទំនើងសង្ស័យបានប្រើប្រាស់កាំបិតនិងដាវកែច្នៃកាប់ទៅលើក្មេង០១ក្រុមទៀតបណ្តាលឱ្យរងរបួសធ្ងន់០១នាក់ ខណៈក្មេងទំនើងទាំង០២ក្រុមជិះម៉ូតូមើលមុខឌឺដាក់គ្នា នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថា៖ការបង្រ្កាបចាប់ខ្លួនជនសង្ស័យក្មេងទំនើង០៨នាក់គឺកម្លាំងនគរបាលអនុវត្តតាមបទបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយអាណាព្យាបាលជនរងគ្រោះ០១នាក់ បានដាក់ពាក្យប្តឹងក្រុមជនសង្ស័យនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ។
លោកនាយការិយាល័យនគរបាលប្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញប្រាប់ឱ្យដឹងទៀតថា៖នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ គឺមានក្មេងទំនើង០១ក្រុមជិះម៉ូតូ០៥គ្រឿងមានគ្នា ១៣នាក់ បាននាំគ្នាជិះម៉ូតូចេញពីម្តុំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្នុងគោលបំណងមកដើរលេងនៅចំណុចអគារអ៊ីដេនហ្គាដេន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈដែលជនសង្ស័យជិះមកដល់ចំណុចអគារអ៊ីដេនហ្គាដេនក៏ជិះម៉ូតូជួបទល់មុខគ្នានឹងក្រុមក្មេងទំនើងជនរងគ្រោះដែលជិះម៉ូតូ០៤គ្រឿង មានគ្នា០៨នាក់ នៅពេលនោះពួកគេទាំង០២ក្រុមបានមើលមុខគ្នារបៀបឌឺដងដាក់គ្នា រំពេច ក៏ស្រាប់ក្រុមក្មេងបង្កដៃដាល់បានជិះម៉ូតូដេញតាមក្រុមក្មេងរងគ្រោះ ខណៈនោះក៏មានម៉ូតូ០១គ្រឿងរបស់ក្មេងរងគ្រោះដួល ។ក្រុមក្មេងបង្កក៏ទាញកាំបិតបុ័ងតោនិង ដាវកែច្នៃ ដំបងរលាស់ ព្រួតគ្នាវាយនឹងកាប់ទៅលើក្មេងរងគ្រោះ០១នាក់មានឈ្មោះ អឿនសៀងហែ ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវចំដៃម្ខាង នឹងចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ ហើយក្រុមក្មេងទំនើងបង្កក៏ដេញកាប់ទៅលើក្រុមក្មេងរងគ្រោះបណ្តាលឱ្យរងរបួសជាបន្តបន្ទាប់ទៀត ក្រោយពីបង្ករួចក្រុមក្មេងបង្កបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ប្រាប់ឱ្យដឹងទៀតថា៖ ក្រោយពីកើតហេតុនោះហើយ ជនរងគ្រោះត្រូវបានមិត្តភក្តិដឹកយកទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ–ចិន ។លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យបង្កក៏ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវនឹងបង្រ្កាបបានជាបន្តបន្ទាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សរុបចំនួន០៨នាក់ ក្នុងនោះដកហូតបានវត្ថុតាង ដាវកែច្នៃ០១ដើម កាំបិតបុ័ងតោ០២ដើម និងដំបងរលាស់០១ដើម។ក្នុងចំណោមជនសង្ស័យក្មេងបង្ក០៨នាក់គឺមាន០៥នាក់ជាសិស្សរៀននៅសាលាវិទ្យាល័យសន្ធរម៉ុក វិទ្យាល័យ ជាស៊ីម សាមគ្គី វិទ្យាល័យជំម្ពូរវ័ន្ត និងវិទ្យាល័យអូរបែកក្អម។ដោយឡែកបក្ខពួកដែលគេចខ្លួនកម្លាំងនគរបាលកំពុងបន្តស្វែងរកចាប់ខ្លួនយកមកអនុវត្តតាមច្បាប់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ