ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ អាជ្ញាធរក្រុង-ស្រុក អង្គភាពពាក់ព័ន្ធ ត្រូវចុះពិនិត្យតាមកំពង់ចម្លងនានា នៅក្នុងភូមិសាស្ត្ររបស់ខ្លួន

0

ភ្នំពេញ៖ អាជ្ញាធរក្រុង-ស្រុកទាំងអស់ រួមជាមួយនឹងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវពង្រឹង និងចុះពិនិត្យតាមកំពង់ចម្លងនានានៅក្នុងភូមិសាស្ត្ររបស់ខ្លួន ពិសេសប្រភេទទូកចម្លង ដែលទើបធ្វើការចម្លងនៅរដូវទឹកឡើងនេះផងដែរ។

ការមានប្រសាសន៍ដូចនេះ របស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ក្នុងឱកាសបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី៤១ អាណត្តិទី៣ ឆ្នាំ២០២២ នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ផងដែរ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បន្តថា ឆ្នាំនេះទឹកឡើងខ្លាំងជាងឆ្នាំផ្សេងៗ ហើយតំបន់មួយចំនួនដែលពុំធ្លាប់ទទួលរងការជន់លិច ក៏ត្រូវបានជន់លិចដោយទឹកជំនន់នេះផងដែរ។ ដូច្នេះប្រជាពលរដ្ឋបានប្រើប្រាស់មធ្យោបាយទូកចម្លង ដើម្បីចម្លងប្រជាពលរដ្ឋពីតំបន់មួយទៅតំបន់មួយ។ ឯកឧត្តម បានបន្ថែមថា ដូចនេះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវធ្វើការចុះពិនិត្យ និងក្រើនរម្លឹកដល់ម្ចាស់កំពង់ចម្លងទាំងអស់ ត្រូវពិនិត្យលើទូករបស់ខ្លួនឱ្យបានត្រឹមត្រូវ លើទូកត្រូវមានសម្ភារសម្រាប់ការពារគ្រប់គ្រាន់ ធ្វើយ៉ាងណាដើម្បីបញ្ចៀសឱ្យបានដាច់ខាតនូវឧបទ្ទហេតុនានា ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។

ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានស្នើដល់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវត្រៀមចុះធ្វើការពិនិត្យ និងសិក្សា បន្ទាប់ពីទឹកជំនន់ត្រូវបានស្រកអស់ ដើម្បីធ្វើការជួសជុលផ្លូវ ស្ដារប្រឡាយ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបានរងការខូចខាតដោយគ្រោះទឹកជំនន់។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត បានណែនាំដល់គ្រប់អនុគណៈកម្មការ រៀបចំពិធីប្រណាំងទូកទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឱ្យពិធីប្រណាំងទូកនៅក្រុងតាខ្មៅ នាថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ មានភាពសប្បា យរីករាយ និងទទួលបានការសាទរពីប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី៤១ អាណត្តិទី៣ ឆ្នាំ២០២២ បានធ្វើការពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២២។ ពិនិត្យ ពិភាក្សា និង អនុម័តលើសេចក្ដីព្រាង គម្រោងវិនិយោគខេត្តរបស់រដ្ឋបាលខេត្ត ឆ្នាំ២០២៣។ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការ លទ្ធកម្មរបស់រដ្ឋបាលខេត្ត និងធ្វើការផ្សព្វផ្សាយអនុក្រឹត្យ សេចក្ដីសម្រេច និងប្រកាសនានារបស់ក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន