បាត់ដំបង៖ នៅក្នុងរដូវវស្សាភ្លៀងធ្លាក់ជោគជាំ ដែលបណ្តាលឲ្យមានទឹកជំនន់ជន់លិចតាមតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង ជាក់ស្តែងតាមប្រឡាយទឹកនៅតាមបណ្តាស្រុកមួយចំនួន បានកើនឡើងនូវកំពស់ទឹកជាហេតុធ្វើអោយមានគ្រោះថ្នាក់ដល់មនុស្សសត្វ។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានករណីកុមារាចំនួន ០២នាក់ ចុះលេងទឹកប្រឡាយបណ្តាលអោយស្លាប់បាត់បង់ជីវិត នៅស្រុកបាណន់ និងស្រុកថ្មគោល។
ករណីទី១៖ នៅវេលាម៉ោង១៥និង០០នាទី ស្ថិតនៅចំណុចក្រុមទី៤ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ ហូ ស៊ីថា ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ តាមការសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ បានអោយដឹងថាក្មេងប្រុសរងគ្រោះខាងលើបានចុះលេងទឹកហូរឆ្លងកាត់ផ្លូវចូលក្នុងប្រឡាយដែលមានទឹកជម្រៅ ២ម៉ែត្រ ដែលទឹកកំពុងគួចហូរខ្លាំងទើបបណ្តាលអោយលង់ស្លាប់បាត់បង់ជីវិតតែម្តង។
ករណីទី២៖ នៅវេលាម៉ោង២០និង០០នាទី ត្រង់ចំណុចប្រឡាយបេង ស្ថិតនៅក្រុមទី០១ ភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ជនរងគ្រោះឈ្មោះ ឆាយ សៀវហ្វុង ភេទប្រុស អាយុ ១០ឆ្នាំ មានទីលំនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ តាមការបំភ្លឺរបស់ក្រុមគ្រួសារបានអោយដឹងថា នៅពេលកើតហេតុកូនប្រុសខ្លួនបានចុះទៅលេងទឹកប្រឡាយបេងខណៈពេលខ្លួនកំពុងរវល់ធ្វើការងារផ្ទះមិនបានមើលនិងហាមកូនទើបបណ្តាលអោយកូនចុះលេងលង់ទឹកស្លាប់។
ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញនៃអធិការនគរបាលស្រុកទាំងពីរ សហការជាមួយលោកគ្រូពេទ្យជំនាញស្រុក បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើកុមារារងគ្រោះទាំងពីរនាក់ខាងលើឃើញថា ពិតជាលង់ទឹកប្រឡាយស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពកុមារារងគ្រោះត្រូវបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ