បរទេស៖ កាលពីថ្ងៃអាទិត្យគ្រួសារទុរគតអាហ្វហ្កានីស្ថានសរុបចំនួន ១,០០០នាក់ដែល ភាគច្រើន ជាកុមារកំព្រា និងជនពិការបានទទួលជំនួយស្បៀងអាហារដែលផ្តល់ដោយ សប្បុរសជនក្នុងស្រុក Bunyad-e-Qaria ក្នុងរដ្ឋធានីកាប៊ុល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
លោក Mujib Rahman Mahmoudi មន្ត្រីនៃអង្គការសប្បុរសធម៌បានប្រាប់ស៊ីនហួថា “កញ្ចប់ជំនួយរបស់យើងរួមមាន ម្សៅ ៥០ គីឡូក្រាម ស្ករស សណ្តែក អង្ករ ប្រេងឆា និងអំបិល ហើយយើងនឹងចែកចាយដល់ គ្រួសារនីមួយៗដែលប្រមូលផ្តុំនៅទីនេះ”។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារជំនួយ ប្រជាជនជាង ២២ លាននាក់ក្នុងចំណោមប្រជាជនប្រហែល ៣៥ លាននាក់នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន កំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ និងវិបត្តិមនុស្សធម៌។
ប្រទេសអាហ្វហ្គានីស្ថានដែលមានវិបត្តិដោយសង្រ្គាមបាននិងកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដោយសារតែប្រព័ន្ធធនាគារមិនមានប្រតិបត្តិការ បន្ទាប់ពីការដកទ័ពរបស់សហរដ្ឋអាមេរិក កាលពីខែ សីហា ឆ្នាំមុន និងការទប់ស្កាត់ទ្រព្យសម្បត្តិចំនួន ៩,៥ ពាន់លានដុល្លាររបស់ធនាគារកណ្តាល អាហ្វហ្គានីស្ថាន៕
ប្រភព៖ ក្រសួងព័ត៌មាន