រថយន្តកុងតឺន័រ ជ្រុលបុករថយន្ត ២គ្រឿង ខណៈកំពុងឈប់ភ្លើងស្តុប

0
ព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័របុករះ ប៉ះជាមួយរថយន្ត២គ្រឿងទៀតនៅចំណុចកែងរ៉ា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ វេលាម៉ោងជិត៨ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ។
សមត្ថកិច្ចឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តកុងតឺន័រពាក់ស្លាកលេខ ព្រះសីហនុ ៣A-៧៩៧២ មានទិសដៅចូលក្រុងព្រះសីហនុ បុកប៉ះជាមួយរថយន្តកូរ៉េប្រភេទដឹកទំនិញ១គ្រឿងដែលឈប់ចតនៅម្ខាងស្តាំដៃ (មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ) រួចជ្រុលបន្តទៅគៀរថយន្តធុនតូច១គ្រឿងម៉ាក BYD ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BQ-៨៩៥៨ ដែលកំពុងឈប់ភ្លើងស្តុប ធ្វើឲ្យរថយន្តរងការខាត ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងចាត់ចែងដោះស្រាយតាមនីតិវិធី៕

 

ប្រភព៖ Huy Bunleng News