បាត់ដំបង៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ៣៨/២២ ដ.ប.ខ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ របស់លោកនេត្រ សុផានិត តំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបង ដោយមានជនសង្ស័យឈ្មោះ ហែម ជីវ័ន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចកាស៊ីណូគ្រីសស្ដារ៧ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១០និង៤០នាទី ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្រុមទី១៥ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។
សូមជម្រាបជូនថា មុខសញ្ញាខាងលើនិងបក្សពួកមួយចំនួនទៀត បានប្រព្រឹត្តិអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឱ្យជនរងគ្រោះឈ្មោះ ជុំ សំណាង ភេទប្រុស រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ទទួលរងរបួស។ នៅក្រោយកើតហេតុសមត្ថកិច្ចបានទទួលពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវស្វែងរកជនសង័្សយក្នុង ខណៈដែលជនសង័្សយបានគេចខ្លួនពីមូលដ្ឋាន។
បច្ចុប្បន្ន សង័្សយខាងលើ បានបញ្ជូនទៅកាន់អយ្យការនៃសាលាដំបូងខេត្តបាត់ដំបង ហើយរីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវ ឃាត់ខ្លួនអនុវត្តតាមច្បាប់បន្តទៀត៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ