សៀមរាប៖ ថ្មីៗនេះ មានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។
លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយតែម្តង។ លោក សុម៉ាឡា បន្តថា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគមកក្បាលខាងលើដែលមាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០.៣ម៉ែត្រ បំណែកសត្វគ្រុឌជិះលើក្បាលនាគ ស្ថានភាពមុខនាគខាងមុខមានការខូចខាតច្រើនដោយអន្លើរ ដោយបាក់បែកមុខនាគ និងជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: