អភិបាលក្រុងកែប ដាក់កំហិតឱ្យក្រុមអាជីវករដែលសង់សំណង់លើផ្លូវសាធារណៈរុះរើចេញអោយបានមុនថ្ងៃទី១៥ ខែតុលានេះ

0

កែប៖ ក្រោយពីអញ្ជើញបងប្អូនអាជីវករចូលប្រជុំកាលពីពេលថ្មីៗ នៅសាលាក្រុងកែប ដើម្បីលើកយកបញ្ហា និងដំណោះស្រាយនានា ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប នារសៀលថ្ងៃទី០៤ខែតុលានេះ លោកអភិបាលក្រុងកែប បានដឹកនាំគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និងគំរបលូជាដើម ដោយទុកពេលឱ្យត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ ឱ្យម្ចាស់សំណង់ទាំងនោះរើចេញជាកំហិត។

លោកខេង យ័ន អភិបាលក្រុងកែប បានឱ្យដឹងថា ដូចដែលបានព្រមព្រៀងគ្នាជាមួយបងប្អូនអាជីវករក្នុងការជួបគ្នានៅសាលាក្រុងកែប ដោយយើងសម្រេចមិនអនុញ្ញាតឱ្យ មានការលក់ដូរនៅថ្ងៃច័ន្ទ ដល់ សុក្រ នោះទេ ហើយការស្នើពីអាជីវករយើងអនុញ្ញាតឱ្យលក់នៅថ្ងៃបុណ្យទាន ដោយឡែកសម្រាប់ថ្ងៃចុងសប្តាហ៍យើងមិនទាន់មានការសម្រេចយ៉ាងណានោះទេ។ ដោយឡែកថ្ងៃនេះ យើងចុះមកធ្វើការវាស់វែងរាល់សំណង់ដែលសង់ចូលដីចំណីផ្លូវសាធារណៈ និងសំណង់ដែលដាក់លើគម្រប់លូជាដើម ដោយទុលពេលឱ្យពួកគាត់រុះដោយខ្លួនឯង មុនពេលដែលអាជ្ញាធរចាត់វិធានការ ដោយកំណត់ត្រឹមថ្ងៃទី១៥ ខែនេះ ពោលមុនពិធីបុណ្យអុំទូក ឈានចូលមកដល់។

លោកបន្តថា មកទល់ឥឡូវនេះ ជាពេលដែលយើងត្រូវការរៀបចំសាឡើងវិញ នូវចំណុចខ្វះខាតនានា ដែលបានបន្សល់តាំងពីពេលកន្លងទៅ ដើម្បីស្តារនូវសណ្តាប់ធ្នាប់ សោភ័ណភាព តំបន់ឆ្នេររបស់យើង យ៉ាងណាលោកធ្វើការសំណូមពរដល់បងប្អូនអាជីវករ សុំឱ្យមានការយោគយល់ និងសហការជាមួយអាជ្ញាធរ ដើម្បីភាពរីកចម្រើនក្នុងខេត្ត៕

ប្រភព៖ ក្រសួងព័ត៌មាន