សៀមរាប៖ ផ្ទៃដីដាំដុះដំណាំស្រូវ របស់ប្រជាពលរដ្ឋជាង ៣២០០០ហិកតា នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ខណៈមន្ត្រីជំនាញកំពុងចុះស្រង់ទិន្នន័យពីការខូចខាតពិតប្រាកដ។
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បាន ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះថា ចាប់តាំងពីអំឡុងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២មក ស្ថានភាពជំនន់ទឹកភ្លៀងបានកើនឡើងជាបន្តបន្ទាប់ ធ្វើឱ្យមានផល ប៉ះពាល់ទៅដល់ស្រុកមួយចំនួនក្នុងចំណោយស្រុកក្រុងទាំង១២របស់ខេត្តសៀមរាប។ លោកបន្តថា មកដល់ពេលនេះ ស្ថានភាពទឹកនៅតំបន់ខ្លះបានស្រកចុះ និងតំបន់ខ្លះបានកើនឡើង ដោយសារទឹកហូរមកពីតំបន់ខាងលើ ដូច្នេះទំហំនៃផ្ទៃដីដំណាំស្រូវដែលរងផលប៉ះពាល់ សរុបចំនួនប្រមាណ ៣២,៤៦៥ហិកតា និងដំណាំដំឡូងមី បានរងផលប៉ះពាល់ចំនួន ៤,៦២៦ហិកតា។
លោកបន្តទៀតថា ទោះបីស្ថានភាពទឹក មានការកើនឡើងនិងថយចុះខ្លះៗទៅតាមតំបន់នីមួយៗ តែទំហំនៃការខូចខាតដំណាំស្រូវ និងផលដំណាំផ្សេងៗ មិនទាន់អាចប៉ាន់ប្រមាណបានថា នឹងខូចខាតចំនួនប៉ុន្មានឡើយ ខណៈមន្ត្រីជំនាញកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់។ បន្ថែមពីនេះ មន្ទីរបានត្រៀមគ្រាប់ពូជស្រូវ និងពូជដំណាំផ្សេងៗ ដើម្បីចែកជូនប្រជាពលរដ្ឋ ក្រោយស្ថានភាពទឹកបានស្រកចុះ និងវិលទៅរកភាពធម្មតាវិញ ដើម្បីស្តារជីវភាពរបស់ប្រជាពលរដ្ឋ។
ខូចខាតប្រាកដជាមានហើយ ប៉ុន្តែឥឡូវទឹកហ្នឹងហាក់ដូចជា ចង់ហក់ឡើងវិញ ដោយសារទឹកវាស្រុកចុះពីផ្នែកខាងលើនៃខេត្តឧត្តរមានជ័យ របាយការណ៍ព្រឹកមិញឃើញថា ស្រុកស្រីស្នំទឹកនៅតាមដងស្ទឹង មានការហក់ឡើងលិចផ្លូវមួយចំនួនដែរ ចង់ប្រហាក់ប្រហែលនិងថ្ងៃទី២១ ដែលជន់ខ្លាំងហ្នឹងហើយ នៅស្រុកពួកក្រោមគេ អ៊ីចឹងវារ៉ាប់រងត្រូវតែកើនទៅនៅយូរ ជាប់ជាមួយនឹងផ្លូវអ៊ីចឹង មានលូ ស្ពានតិច ទឹកនៅតម្គល់នឹង នៅក្រឡាញ់ទឹកបានស្រកបណ្តើរៗហើយ ប៉ុន្តែវាទៅធ្លាក់ជន់នៅខាងក្រោមវិញ។ និយាយទៅបើដំណាំក្រៅពីស្រូវមកដល់ពេលនេះ វានឹងខូចខាត ប៉ុន្តែឃើញប៉ះពាល់ច្រើន ទៅលើតែដំឡូងមីមួយទេ ជាកត់សម្គាល់។ ពីម្សិលម្ង៉ៃមួយឯកឧត្តមគន់ គីម លោកចុះមកពិនិត្យមើលស្រូវមួយចំនួននៅស្រុកក្រឡាញ់ អត់ទាន់ខូចទេ ទឹករាងស្រកមើល ឃើញចុងស្រូវ ស្រូវបើថាមើលឃើញចុង លែងអីហើយ មិនទាន់សន្និដ្ឋានថាខូចខាតប៉ុន្មាននៅឡើយទេ ។
សូមជម្រាបផងដែរថា គិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់រហូតថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀង ក្នុងខេត្ត សៀមរាប បណ្តាលឱ្យមានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋចំនួន២៥,២៣៣គ្រួ សារ ភូមិចំនួន ៣២៥ភូមិ ឃុំចំនួន៦៣ នៃស្រុកចំនួន៩ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ ដែលបង្កឱ្យមានផលប៉ះពាល់ ដំណាំស្រូវ ដំណាំកសិកម្ម លំនៅឋានប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម៕
ប្រភព៖ ក្រសួងព័ត៌មាន