ភ្នំពេញ៖ ករណី លួចដែកលួសសំណាញ់ នៅចំណុចការដ្ឋានសំណង់ក្រុមហ៊ុន OCIC ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ថ្ងៃទី ៣០-០៩-២០២២ ម៉ោង០៨និង០០នាទី។
ក្នុងនោះដើមបណ្តឹងឈ្មោះ នេត ធារ៉ា ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ហើយជនសង្ស័យឃាត់ខ្លួនឈ្មោះ ប៉ិច សាវី ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុក្រុមហ៊ុន OCIC បានយកលួសសំណាញ់ជាច្រើនផ្ទាំងមកទុកនៅចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ប៉ិច សាវី និងម្នាក់ទៀតមិនស្គាល់ឈ្មោះជិះម៉ូតូម៉ាក Suzuki Smash ពណ៌ក្រហម ផ្លាកលេខ កំពង់ស្ពឺ ១A-៧០៨៨ មានសណ្តោងរ៉ឺម៉កចូលក្នុងការដ្ឋានលួចដែកលួសសំណាញ់០៧ផ្ទាំង យកទៅលក់ឲ្យអេតចាយបានប្រាក់ ២១ម៉ឺនរៀល ចែកគ្នាទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ លុះដល់ម៉ោង១៤ និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ប៉ិច សាវី នៅភូមិកើតហេតុខាងលើ រួមនិងវត្ថុតាងម៉ូតូ ០១គ្រឿងម៉ាកខាងលើ (ជិះធ្វើសកម្មភាព)។ រហូតដល់ម៉ោង១៦និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងបាននាំខ្លួនឈ្មោះ ឡេ វាំង(អ្នកទិញ) រួមនឹងវត្ថុតាងដែកលួសសំណាញ់០៧ផ្ទាំង មកធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរ ឈ្មោះ ឡេ វាំងរួច លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ អនុញ្ញាតឲ្យធ្វើកិច្ចសន្យា ធានាត្រលប់ទៅលំនៅដ្ឋានជាបណ្តោះអាសន្ន៕
ប្រភព៖ ប៉ុស្ត៍នគរបាលរដ្ឋបាលច្បារអំពៅទី២