ឧត្តរមានជ័យ៖ នារាត្រីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសជួយឧបត្ថម្ភជូន គ្រួសារសពយុទ្ធជនពីររូបដែលបានបាត់បង់ជីវិតដោយសារជួយក្មេងលង់ទឹក ចំនួនពីរលានរៀលសម្រាប់គ្រួសារនីមួយ។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីមានខ្លឹមសារទាំងស្រុងថា «សូមគោរពវីរភាពលោកទាំង ២ ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ ! គួរថ្នាក់ខេត្ត ថ្នាក់ភូមិភាគ និង អង្គភាព រៀបជាពិធីបុណ្យ និង តម្កល់រូបលោកជាគំរូ ហើយ សូមជនរួមជាតិយើងជួយដល់គ្រួសារសព ។ ខ្លួនខ្ញុំផ្ទាល់ សូមជូនគ្រួសារសពនីមួយៗ ពីរលានរៀល !»
សូមជម្រាបជូនថាតាមការបញ្ជាក់របស់ មន្ត្រីមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានប្រាប់ទូរទស្សន៏ជាតិកម្ពុជា ថា កាលពីវេលាម៉ោង ១១.២០ នាទី ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២២ នៅចំណុចអាងអូរអង្ក្រងបានរកឃើញ សាកសពមួយរូបក្នុងចំណោមយោធា ២រូប ឈ្មោះ វ៉ាន់ ថុល ភេទ ប្រុស អាយុ ២០ឆ្នាំ គឺជាកងកម្លាំងនៃកងពលតូចថ្មើរជើង លេខ ៤២ ការពារព្រំដែន នៅប្រាសាទតាមាន់ ដែលបានពលីជីវិត ជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់រួចផុតពីគ្រោះថ្នាក់ តែជាអកុសល ត្រូវបានទឹកកួចលិច រហូតបាត់បង់ជីវិត ។
យោធិនទាំង២នាក់នេះ បានបំពេញការងារនៅកងពលតូចថ្មើរជើងលេខ ៤២ ការពារព្រំដែនប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕
ប្រភព៖ ក្រសួងព័ត៌មាន