ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ប័ណ្ណក្រីក្រប្រភេទ១ដល់ប្រជាពលរដ្ឋទាំងអស់ ដែលស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់ធម្មជាតិរុនតាឯក

0

សៀមរាប៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ប័ណ្ណក្រីក្រប្រភេទ១ដល់ប្រជាពលរដ្ឋទាំងអស់ ដែលស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលគោលនយោបាយនេះត្រូវបានធានារយៈពេល១០ឆ្នាំ ដើម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសជួយឱ្យគាត់អាចទៅទទួលសេវាព្យាបាលនៅតាមមន្ទីររដ្ឋដោយឥតគិតថ្លៃ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ២,៨៥០គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកនៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចត្រូវមានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលបានស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ បើទោះបីជាពេលនេះមិនទាន់ជាពេលវេលាសម្រាប់ឱ្យប្រជាពលរដ្ឋចេញទៅរស់នៅនោះទេ ព្រោះដីមិនទាន់សម្អាតរួចរាល់ ប៉ុន្តែប្រជាពលរដ្ឋ ត្រូវចាំទទួលយកថវិកាពីប័ណ្ណក្រីក្រីប្រភេទ១ ចាប់ពីថ្ងៃទី១ ខែតុលានេះតទៅ ។

សម្តេចតេជោបានបន្តថា សម្រាប់អ្នកដែលមានប័ណ្ណក្រីក្រប្រភេទ១ មិនមានបញ្ហាអ្វីនោះទេគឺទទួលបានថវិកាហើយ ប៉ុន្តែសម្រាប់អ្នកដែល មានប័ណ្ណក្រីក្រប្រភេទ២ គឺត្រូវបន្ថែមថវិកាទៅឱ្យគាត់ និងត្រូវប្ដូរប័ណ្ណក្រីក្រប្រភេទ១ឱ្យគាត់វិញ ។ ចំណែកឯអ្នកដែលមិនទាន់មានប័ណ្ណត្រូវប្រញាប់ប្រញាល់ទៅធ្វើប័ណ្ណក្រីក្រីប្រភេទ១ទាំងអស់ ដើម្បីទទួលបានផលប្រយោជន៍ពីប័ណ្ណនេះ ដូចៗគ្នា ដោយទី១គឺបានថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសារ និងទី២ ព្យាបាលជំងឺដោយមិនអស់ថវិកា ជាពិសេសនៅក្នុងអំឡុងពេលកូវីដ-១៩នេះ ។

សំឡេង ៖ « នេះជាបញ្ហាដែលខ្ញុំត្រូវតែដោះស្រាយជាកញ្ចប់គោលនយោបាយ បងប្អូនទាំងអស់ដែលស្ម័គ្រចិត្តរើចេញពីតំបន់រស់នៅចាស់មកនៅតំបន់រុនតាឯក និងតំបន់ដទៃទៀតក្រៅពីរមណីយដ្ឋានអង្គរ ដូចជាពាក់ស្នែង នៅឯកន្លែងដទៃ នឹងទទួលបានប័ណ្ណក្រីក្រប្រ ភេទ១ទាំងអស់គ្នា ព្រោះប័ណ្ណក្រីក្រនេះមានប័ណ្ណក្រីក្រ១និងប័ណ្ណក្រីក្រ២ ប័ណ្ណក្រីក្រ១ បានលុយច្រើនជាង ប័ណ្ណក្រីក្រ២បានលុយតិចជាង អ៊ីចឹងដើម្បីកុំឱ្យពិបាកក្រសួងផែនការចុះទៅវាយតម្លៃ ថាអ្នកនេះប្រភេទ២ អ្នកនេះប្រភេទ១ ឥឡូវខ្ញុំសម្រេចចិត្តថ្ងៃនេះ ប្រគល់ជូនបងប្អូនទាំងអស់ទាំងមុននិងក្រោយប្រភេទ១ទាំងអស់ ហើយអ្នកកាន់ប្រភេទ២ត្រូវដូរមកប្រភេទ១វិញ » ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្រាប់អ្នកដែលស្ម័គ្រចិត្តទៅរស់នៅក្នុងតំបន់ធម្មជាតិរុនតាឯក ដែលបានចាប់ឆ្នោតកាលពីខែកញ្ញា នឹងទទួលថវិកានៅក្នុងខែតុលា ហើយសម្រាប់អ្នកដែល បានចាប់ឆ្នោតនៅក្នុងខែតុលា នឹងត្រូវទទួលបានថវិកានៅក្នុងខែវិច្ឆិកា ដោយការងារ ទាំងអស់នេះគឺត្រូវធ្វើតាមបែបបទនិងនីតិវិធីជាបន្តបន្ទាប់ ដោយមានការផ្តល់ជូនតាមរយៈធនាគារយ៉ាងត្រឹមត្រូវ ដែលនេះគឺជាគោលនយោបាយជាក់លាក់មួយសម្រាប់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តទៅរស់នៅក្នុងតំបន់ធម្មជាតិរុនតាឯកនេះ ។ សូមបញ្ជាក់ថា មកទល់ពេលនេះ មានប្រជាពលរដ្ឋជាង៤ពាន់គ្រួសារហើយ បានស្ម័គ្រចិត្តផ្លាស់មករស់នៅតំបន់អភិវឌ្ឍរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់មករស់នៅតំបន់អភិវឌ្ឍរុនតាឯក គឺក្នុងមួយគ្រួសារៗ ទទួល បានដីចំនួន១ឡូត៍ ទំហំ២០ម៉ែត្រគុណ៣០ម៉ែត្រ ៕

ប្រភព៖ ក្រសួងព័ត៌មាន