ភ្នំពេញ៖ នៅពេលយានយន្តខូច អ្នកបើកបរត្រូវបើកបរ ឬរុញរថយន្តមកខាងស្ដាំតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់កៀកនឹងរនាំងសុវត្ថិភាព រួចត្រូវបើកភ្លើងសញ្ញាអាសន្ន និងត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ចម្ងាយយ៉ាងតិច១០០ម៉ែត្រ ពីក្រោយរថយន្ត។ ប្រសិនបើពេលយប់ងងឹត ឬពេលថ្ងៃមានភ្លៀងធ្លាក់ ត្រូវបើកភ្លើងសញ្ញាអាសន្ន បើកភ្លើងទីតាំង(ភ្លើងដឺមី)ខាងមុខ និងភ្លើងក្រហមខាងក្រោយ ហើយត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ពីក្រោយរថយន្តចម្ងាយយ៉ាងតិច ២០០ម៉ែត្រ។
ក្នុងករណីនេះ អ្នកបើកបររថយន្តអាចឈប់ ឬចតដើម្បីត្រួតពិនិត្យ ឬជួសជុលរថយន្តក្នុងរយៈពេលមិនលើស៣០នាទីឡើយ ហើយអ្នកបើកបរត្រូវរៀបចំឱ្យអ្នករួមដំណើរទាំងអស់ទៅកាន់ទីសុវត្ថិភាពដែលស្ថិតនៅក្រៅរនាំងការពារ។ ក្នុងករណីរថយន្តខូចមានបញ្ហាពិបាកដោះស្រាយ អ្នកបើកបរត្រូវស្នើសុំជំនួយពីក្រុមហ៊ុនផ្លូវល្បឿនលឿនតាមលេខទូរសព្ទបន្ទាន់១៣៩៩។ នៅពេលជួសជុលរួចរាល់ ដើម្បីងាកចូលទៅគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ អ្នកបើកបរត្រូវបង្កើនល្បឿនតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ និងឱ្យភ្លើងសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច៥វិនាទី ដោយមិនត្រូវឱ្យរំខានដល់ចរាចរណ៍យានយន្តផ្សេងទៀតឡើយ។
សូមជម្រាបជូនផងដែរថា៖ “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ តទៅ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន