គ្រាន់តែ ៩ខែក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៩៥ភាគរយ

0

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៩៥ភាគរយ នៃផែនការច្បាប់ថវិកាជាតិ ដែលស្មើនឹងជាង ២ ៦០០លានដុល្លារ ដែលអាចនឹង លើសផែនការប្រមាណ១០ ទៅ១៥ភាគរយ។ នេះបើយោងតាមការបញ្ជាក់ពី មន្ត្រីជាន់ខ្ពស់នៃ អគ្គនាយកដ្ឋានពន្ធដារ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ បានបញ្ជាក់ក្នុងឱកាស ដែលឯកឧត្តម អញ្ជើញចូលរួមក្នុងកម្មវិធី ស្ដីពី «បច្ចុប្បន្នភាព សារពើពន្ធ និងសវនកម្មរបស់សភាពាណិជ្ជកម្មអាម៉េរិក» ដែលរៀបចំដោយសភាពាណិជ្ជកម្ម អាម៉េរិកនៅកម្ពុជា (AmCham Cambodia) នាសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ បានជាង៩៥ភាគរយ នៃផែនការច្បាប់ថវិកាជាតិ ដែលបានកំណត់ឱ្យអគ្គ នាយកដ្ឋានពន្ធដារ ធ្វើការប្រមូលចំណូលពន្ធ នៅក្នុងឆ្នាំ២០២២ឱ្យបានចំនួន ២ ៨០០លានដុល្លារ។

ឯកឧត្តមបញ្ជាក់ថា នៅឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងប្រមូលចំណូលពន្ធ បានលើសពីផែនការ ប្រមាណ១០ ទៅ១៥ភាគរយ ដោយការកើនឡើងនៃការប្រមូលចំណូល ពន្ធដារនេះ គឺដោយសារតែការកែទម្រង់ នៃផ្នែកប្រព័ន្ធពន្ធដារ លើគ្រប់វិស័យទាំងការផ្តល់ សេវាដល់អ្នកជាប់ពន្ធ, ការផ្តល់សេវា ការចុះបញ្ជីបានល្អ, ការធ្វើសវនាកម្មបានល្អការគ្រប់ គ្រងបំណុល និងដោះស្រាយបញ្ហានានា ដែលធ្វើឱ្យអ្នកជាប់ពន្ធទាំងអស់មានភាពងាយ ស្រួល ក្នុងការបង់ពន្ធ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានលើកទឹកចិត្ដឱ្យអាជីវកម្មខ្នាតតូចទាំងអស់ មកចុះបញ្ជី ដើម្បីមកបង់ពន្ធឱ្យបានត្រឹមត្រូវ ចៀសវាងការគេចវេះមិនមកបង់ពន្ធ ដែលអាច នឹងបង្កហានិភ័យនាពេលខាងមុខ ឬនាំឱ្យប៉ះពាល់ដល់កៀរគរវិនិយោគិនបរទេសមក វិនិយោគបន្ថែមនៅកម្ពុជា ដោយសារភាពធូររលុងនៃច្បាប់ ដែលបង្ហាញពីភាពមិនស្មើ ភាពគ្នាក្នុងការបង់ពន្ធ។

ឯកឧត្តមបញ្ជាក់ថា ក្នុងអំឡុងពេលជំងឺកូវីដ១៩ អគ្គនាយកដ្ឋានពន្ធដារ មិនមានការបង្កើនតម្លៃពន្ធ ឬបង្កើតពន្ធថ្មីនោះទេ គឺមានតែផ្ដល់ការលើកទឹកចិត្ដ ដល់គ្រប់វិស័យ ដើម្បីសម្រួលដល់ការងារមួយចំនួន ក្នុងន័យធ្វើយ៉ាងណាផ្តល់លទ្ធភាព ឱ្យក្រុមហ៊ុន និងសហគ្រាសអាចរក្សាស្ថិរភាពអាជីវកម្មរបស់ខ្លួន ក្នុងអំឡុងពេលជួបវិបត្តិ ជាសកលកាលពីពេលកន្លងមក។

គួរបញ្ជាក់ថា បើមើលពីប្រភពចំណូលប្រភេទពន្ធសំខាន់ៗក្នុងឆមាសទី១ ឆ្នាំ២០២២ កន្លងទៅនេះ បានរក្សាកំណើនក្នុងរង្វង់ ២៥ភាគរយ ទៅ ៤៤ភាគរយ ធៀបនឹងរយៈពេល ដូចគ្នា ក្នុងឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូលកើនឡើង ២៧ភាគរយ អាករលើតម្លៃ បន្ថែមកើន ៣៣ភាគរយ ពន្ធលើប្រាក់បៀវត្សរ៍កើន ២៥ភាគរយ អាករពិសេសកើន ៣៤ភាគរយ និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យកើន ៤៤ភាគរយ។

គួររម្លឹកថា សម្រាប់ឆ្នាំ២០២១កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ សម្រេចនូវការប្រមូល ចំណូលពន្ធសរុប ២ពាន់ ៧រយលានដុល្លារអាម៉េរិក ដែលស្មើនឹង ១២៤ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២១៕

ប្រភព៖ ក្រសួងព័ត៌មាន