បន្ទាយមានជ័យ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឱ្យអាជ្ញាធរគ្រប់ខេត្តក្រុងទូទាំងប្រទេស ដោយឡែកខេត្តតាមព្រំប្រទល់នឹងប្រទេសថៃដែលកំពុងប្រឈមនឹងទឹកជំនន់ ពិសេសខេត្តបន្ទាយមានជ័យ ត្រូវតែយកចិត្តទុកដាក់ តាមដានឱ្យជាប់ជាប្រចាំអំពីស្ថានភាពធាតុអាកាសអាចប្រែប្រួល ដើម្បីឆ្លើយតបបានទាន់ពេលវេលា ។
ការថ្លែងនេះក្នុងឱកាស ខណៈដែលឯកឧត្តមបានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស (គ.ជ.គ.ម) ថ្នាក់ជាតិ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលពីស្ថានភាពទឹកជំនន់ ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។
ឯកឧត្តម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានបញ្ជាក់ថា ៖ ស្ថានភាពទឹកជំនន់នៅឃុំទឹកជោ ស្រុកព្រះនេត្រព្រះ គឺមានស្ថានភាពទឹកបានចាប់ផ្តើមស្រកជាបណ្តើរៗហើយ ដោយសារស្ថានភាពទឹកមកពីផ្នែកខាងលើ គឺខេត្តឧត្តរមានជ័យ មានភាពធូស្រាលច្រើន ហើយទឹកបានចាប់ផ្តើមស្រុងមកប៉ះខេត្តបន្ទាយមានជ័យ ធ្វើឱ្យប៉ះពាល់ខ្លាំងនៅក្នុងឃុំទឹកជោ ស្រុកព្រះនេត្រព្រះនេះ ។
នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបាននាំយកអំណោយសង្គ្រោះបន្ទាន់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ពលរដ្ឋចាស់ជរា ពលរដ្ឋមានជីវភាពខ្វះខាតខ្លាំង ចំនួន២៧៩គ្រួសារផងដែរ ។
បើយោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា ៖ គិតត្រឹមម៉ោង៥:០០នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពទឹក ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ប៉ះពាល់ចំនួន៥ក្រុង/ស្រុក ក្នុងចំណោម៩ក្រុង/ស្រុកទូទាំង ក្នុងនោះ មាន២៦ឃុំ/សង្កាត់ និង១២៧ភូមិ, គ្រួសាររងផលប៉ះពាល់សរុបចំនួន ៧,៥៣៦ គ្រួសារ (មនុស្សរាយ៣៤,១៧៨នាក់/ស្រី១៧,៤៥២នាក់) , ជម្លៀស ៣១៨គ្ រួសារ(មនុស្សរាយ១,១០០នាក់ /ស្រី៥៦៤នាក់/កុមារ៨០នាក់) លង់ទឹកស្លាប់៧នាក់(ស្រី៣នាក់), ប៉ះពាល់ស្រូវ២៧,៤២៣ហិកតា, ដំឡូងមី១,០៣៥ហិកតា, ដំណាំរួមផ្សំ១០៣ហិកតា, សត្វពាហនៈ ២,៥៩៥ ក្បាល, សាលារៀន៤១ខ្នង, វត្ត១៦, មណ្ឌលសុខភាព៣ និងផ្លូវ ២៩៦កន្លែង មានប្រវែង ១៧៧,៥០៦ម៉ែត្រ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ