នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុនតូយ៉ូតានៅប្រទេសកម្ពុជា

0

បរទេស៖ ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុនចូលរួមបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida ផងដែរ។

ជាមួយនឹងការរំលឹកការដែលសម្តេចនិងឯកឧត្តម គីស៊ីដា ធ្លាប់បានជួបគ្នា៣លើករួចមកហើយនោះ សម្តេចតេជោបានគូសបញ្ជាក់ថា សម្តេចសង្ឃឹមថានឹងបានជួបឯកឧត្តម គីស៊ីដា ហ្វុមិអូ សារជាថ្មីម្តងទៀតនៅកម្ពុជាដែលសម្តេចសូមអញ្ជើញឯកឧត្តម ទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន ជប៉ុន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះ។

សម្តេចបានថ្លែងអំណរគុណចំពោះឯកឧត្តម គីស៊ីដា ដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ និង ថ្លែងអំណរគុណ ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនដែលបានថ្លែងសន្ទរកថា លើកពីការចូលរួមជាវិភាគទានពាក់ព័ន្ធនឹងប្រទេសកម្ពុជា ជាពិសេស ក្នុងក្របខណ្ឌការរក្សាសន្តិភាព ដែលជប៉ុនបានបញ្ជូនកងស្វ័យការពាររបស់ខ្លួនជាលើកដំបូងមកជួយដល់កម្ពុជាក្នុងក្របខណ្ឌក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយឯកឧត្តម ក៏បានលើកពីកម្ពុជាដែលបានបញ្ជូនកងកម្លាំងចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។ សម្តេចក៏បានរំលឹកពីតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការចូលរួមស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា ហើយកិច្ចសហការជាង៣០ឆ្នាំកន្លងទៅនេះយើងនឹងបន្ត ចូលរួមនៅក្នុងប្រតិបត្តិការ រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅពេលខាងមុខទៀត។

ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនក៏បានថ្លែងអំណរគុណ សម្តេចតេជោដែលបានអញ្ជើញឯកឧត្តមពេលចូលរួម កិច្ចប្រជុំកំពូលអាស៊ានជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្តមក៏បានលើក ពីកិច្ចពិភាក្សាទ្វេភាគីរវាងជប៉ុន កម្ពុជាផងដែរ ជាពិសេសលើវិស័យសន្តិសុខ ហើយក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលកន្លងទៅបានទទួលនាវាជប៉ុនចូលចតកំពង់ផែ ខេត្តព្រះសីហនុ និងបានលើកឡើងពីការងារដែលត្រូវធ្វើបន្តដូចជាកិច្ចសហការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុនបង្កើនរោងចក្រក្រុមហ៊ុនតូយ៉ូតានៅប្រទេសកម្ពុជា និងបានស្នើសម្តេចបន្តគាំទ្រក្រុមហ៊ុនជប៉ុនដែលបង្កើតនៅប្រទេសកម្ពុជា។ ទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់ប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខនឹងបន្តពង្រឹងនិងពង្រីងកិច្ចសហប្រតិបត្តិការរវាងជប៉ុន កម្ពុជា ជាពិសេសធ្វើយ៉ាងណាបង្ហាញការខិតខំនិងយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចហការទ្វេភាគីនិងជាមួយដៃគូពាក់ព័ន្ធហើយឆ្នាំក្រោយជាខួប៥០ឆ្នាំនៃកិច្ចសហការរវាងអាស៊ាន ជប៉ុន ឯកឧត្តមក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីបន្តគាំទ្រជប៉ុនផងដែរ។

ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធបញ្ហា តំបន់មួយចំនួន ដូចជាឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូងនិង បញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រេន។ ចំពោះបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តមបានគូស បបញ្ជាក់ ថា ឯកឧត្តមពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ខណៈដែលស្ថានភាពនៅមីយ៉ាន់ម៉ា គួរឱ្យព្រួយបារម្ភហើយជប៉ុននឹងបន្តគាំទ្រដល់ ការខិតខំរបស់អាស៊ានទាំងឡាយ។ ចំពោះបញ្ហានៅឧបទ្វីបកូរ៉េវិញ ឯកឧត្តមបានគូសបញ្ជាក់ថានឹងបន្តសហការជាមួយសម្ដេចតេជោជាពិសេសពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ ដែលបញ្ហានុយក្លេអ៊ែរនៅតែជាបញ្ហាព្រួយបារម្ភរបស់ប្រជាជនជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំពោះបញ្ហាមីយ៉ាន់ម៉ាយើងនឹងបន្តការងារនេះក្នុងក្របខណ្ឌអាស៊ាន យើងនឹងបន្តជំរុញទោះជាបញ្ហាប្រឈមក៏ដោយយើងមិនបោះបង់ចោលការងារនេះទេ។ ចំពោះបញ្ហាផ្សេងៗទៀតដែលឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើង សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាយើងនឹងបន្តធ្វើការជាមួយគ្នា នៅពេលខាងមុខទៀត ហើយសម្ដេចរំពឹងថានឹងទទួលឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុននៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកាខាងមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន