ព្រះសីហនុ៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ក្រោយពីទទួលព័ត៌មានពីប្រជានេសាទថា មានករណីលិចទូកចំនួន ០១គ្រឿង ស្ថិតនៅចំណុចនិយាមការ N10°25′-E103°16′ នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ ចំនួន ១៦នាក់ ប្រើប្រាស់មធ្យោបាយចំនួន០២គ្រឿង (១.៦០០សេះ ០១គ្រឿង និង៧០០សេះ ០១គ្រឿង) ចេញអន្តរាគមន៍ជួយសង្រ្គោះ មនុស្សបានចំនួន១៨នាក់ (ដោយមានសាររលកធំៗ និងភ្លៀងខ្លាំង) ។
តាមការបំភ្លឺរបស់ជនរងគ្រោះ ពួកគាត់មានសមាជិកចំនួន ៤១នាក់(ស្រី០៣នាក់) ជាជនជាតិចិន បានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាងចូវ) តាមរយៈកប៉ាល់ល្បឿនលឿន ០១គ្រឿង នៅថ្ងៃទី១១ /០៩/២២ និងបានផ្លាស់ប្តូរទូកមួយទៀត នៅថ្ងៃទី១៧/០៩/២២ នៅសមុទ្រអន្តរជាតិ ជាមួយតៃកុងទូកជនជាតិខ្មែរចំនួន ០២នាក់ និងបន្តនៅលើទូកនោះរហូតដល់ថ្ងៃទី២២/០៩/២២នេះ ទូកចាប់ផ្តើមលិចទឹក(ខូច) រហូតដល់ជិតលិច ក៏មានទូកឈើ ០១គ្រឿងមានមនុស្ស ០៦នាក់ បានមកយកតៃកុងទូកខ្មែរ ០២នាក់នោះចេញទៅបាត់។
បច្ចុប្បន្នសមត្ថកិច្ចយើងបានប្រើប្រាស់មធ្យោបាយ ចំនួន ០៤គ្រឿង (នាវា ០២គ្រឿង និងអូប័រ ០២គ្រឿង) កំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន ចំនួន ២៣នាក់ (ស្រី ០៣នាក់) នៅកន្លែងដែលទូកលិច ៕
ប្រភព៖ ក្រសួងព័ត៌មាន