ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំនិងនាំមរតកវប្បធម៌អរូបីចំនួនពីរគឺនំបញ្ចុក និងគុនល្បុក្កតោ ដើម្បីចុះបញ្ជីចូលក្នុងបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា ក្រសួងកំពុងរៀបចំដើម្បីស្នើចុះបញ្ជី នំបញ្ចុក និងគុនល្បុក្កតោ ក្នុងសម្បត្តិអរូបីរបស់អង្គការយូណេស្កូ និងព្រះរាជពិធីបុណ្យអុំទូក ដាក់ក្នុងបញ្ជីត្រៀមដើម្បីស្នើសុំចុះបញ្ជីក្នុងពេលខាងមុខ។ ឯកឧត្តមបានលើកឡើងថា ក្រៅពីមរតកវប្បធម៌អរូបី ក្រសួងវប្បធម៌ក៏បានត្រៀមស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏កំពុងពិនិត្យសម្បត្តិវប្បធម៌រូបីមួយចំនួនទៀត ដូចជាក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរី និងភ្នំដា រមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ រមណីយដ្ឋានឧត្តុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង “ម-១៣” ដាក់ក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំចុះបញ្ជី។
សូមជម្រាបថា បើគិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជីដោយអង្គការ យូណេស្កូ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី ចំនួន៣ និងសម្បត្តិវប្បធម៌អរូបី ចំនួន៥ រួមមាន តំបន់អង្គរ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២, របាំព្រះរាជទ្រព្យ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣, ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៧, ល្ខោនស្រមោលស្បែកធំ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥, ល្បែងទាញព្រ័ត្រ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥, ចាប៉ីដងវែង៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦, តំបន់ប្រាសាទសំបូរព្រៃគុក៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ល្ខោនខោលវត្តស្វាយអណ្ដែត៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕
ប្រភព៖ ក្រសួងព័ត៌មាន