ពោធិ៍សាត់ ៖ ស្ត្រីម្នាក់បានស្លាប់និងកន្លែងកើតហេតុ ឯបុរសម្នាក់ទៀតរងរបួសស្រាល ដោយសាររថយន្តដឹកទឹករបស់ក្រុមហ៊ុនធ្វើផ្លូវថយក្រោយកិនម៉ូតូនិងមនុស្ស ។
ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលម៉ោង២និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
នគរបាលចរាចរណ៍ផ្លូវគោកក្រុងពោធិ៍សាត់បានឲ្យដឹងថា មានរថយន្ត០១គ្រឿងម៉ាកកាំម៉ាស់ ប្រភេទរថយន្តដឹកទឹកស្រោចថ្នល់របស់ក្រុមហ៊ុនធ្វើផ្លូវ ពណ៌លឿង គ្មានស្លាកលេខ បើកបរដោយឈ្មោះ សិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានបើកមកដល់ចំណុចកើតហេតុ ដោយមិនបានងាកក្រោយខ្វះការប្រុងប្រយ័ត្ន ក៏បើកថយក្រោយក្នុងទិសដៅពីលិចទៅកើត ខណៈនោះ ក៏ត្រូវប៉ះកិនម៉ូតូ០១គ្រឿងនៅពីខាងក្រោយ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1M.3612 បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់តែម្ដង ។
នគរបាលចរាចរណ៍ក្រុងបានបន្តថា អ្នកបើកបរម៉ូតូឈ្មោះ តេង សុផុន ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ រងរបួសស្រាល អ្នករួមដំណើរឈ្មោះ អ៊ិន សាអែម ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ស្លាប់នៅកន្លែងកើតហេតុតែម្តង ។
បន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ