ស្ទឹងមង្គលបូរី ហក់ឡើងយ៉ាងគំហុក! សូមប្រជាជននៅតាមបណ្តោយមាត់ ស្ទឹងបង្កើនការប្រុងប្រយ័ត្ន

0

បន្ទាយមានជ័យ៖ អាជ្ញាធរស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យ នារសៀលថ្ងៃ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី ១៨ ខែកញ្ញា ឆ្នាំ២០២២ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ ស្ទឹងមង្គលបូរី សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលការពិនិត្យស្ថានភាពជាក់ស្តែង ឃើញថា ទឹកកំពុងធ្លាក់ពីស្រុកបវេល នៃខេត្តបាត់ដំបង ធ្លាក់ពីស្រុកម៉ាឡៃ ព្រមទាំងភ្លៀង ធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យទឹកស្ទឹងមានការហក់ឡើងយ៉ាងគំហុក នៅឃុំសឿ និងឃុំដទៃ ទៀត នៅបណ្តោយដងស្ទឹងមង្គលបូរីនេះ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ឱ្យដឹងនៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ថា ដោយពិនិត្យឃើញស្ថានភាពទឹកឡើងគំហុក ហេតុនេះក្នុងនាមគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយស្រុក សូមឱ្យបងប្អូនបង្កើនប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសកូន ក្មេងតូចៗ មនុស្សចាស់ អ្នកពិការភាព ដើម្បីត្រៀមលក្ខណៈបានគ្រប់គ្រាន់ នូវសម្ភារសង្រ្គោះ ដូចជា ទូក កាណូត អាវពោង និងរកទីទួលសុវត្ថិភាពជាដើម..។ បើករណីចាំបាច់សូមទាក់ ទងមកលេខ ០១២ ៥០០ ០៨៣/ ០៧៧ ២៣ ៤៨៤៨ ។

លោកអភិបាលស្រុកមង្គលបូរី ក៏បានឱ្យដឹងដែរថា ទន្ទឹមនេះដែរក្រុមការងារនៅក្នុង មូលដ្ឋានដែលជួបរងគ្រោះនោះ បាននិងកំពុងញាប់ដៃធ្វើស្ពានឈើបណ្តោះអាសន្នមួយទៀត នៅប្រឡាយព្រែកឃុំសឿ ស្រុកមង្គលបូរី ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ស្រាលឆ្លងកាត់ទឹកជំនន់នេះ ។

សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរ ដោយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយ មានជ័យ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅប្រឡាយព្រែកសឿ ឃុំសឿ នៅភូមិប្រឡាយចារ៍ ឃុំចំណោម សំណង់ស្ទាក់ទឹកពោធិ៍ពីរដើម នៅឃុំរហាត់ទឹក ក្នុងស្រុក មង្គលបូរីផងដែរ។ ជារួមស្ថានភាពទឹកកាលណោះគ្រប់គ្រងបាន ពោលគឺមិនមានទឹកហក់ ឡើងបន្ថែមទេ។ តែក៏មិនទាន់ស្រកពីក្នុងពោះព្រែក ប្រឡាយ លើដងផ្លូវលំក្រាលកៅស៊ូ លើ ខ្នងប្រឡាយជាដើម។ តែនៅពេលនេះទឹកបែរជាហក់ឡើងជាថ្មីទៀត ដោយសារតែមាន ភ្លៀងធ្លាក់ជាប់ៗគ្នា និងទឹកធ្លាក់ពីបែកខាងលើនោះ ៕

ប្រភព៖ ក្រសួងព័ត៌មាន