ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះដាច់កដៃឆ្វេង

0

​ភ្នំពេញ​ ៖​ កាល​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៧​និង​០០​នាទី​ មាន​ករណី​អំពើ​ហិង្សា​រវាង​កម្មករ​សំណង់​ដូច​គ្នា​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ វង្ស​ វាស្នា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បាន​យក​កាំបិត​បុ័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ជឿន​ ជាតិ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បណ្តាល​ឲ្យ​ដាច់​កដៃ​ឆ្វេង​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​ឈ្មោះ​ វង្ស​ វាស្នា​ បាន​រត់គេច​ខ្លួន​បាត់​ ។​

​លុះ​មក​ដល់​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ដឹកនាំ​បញ្ជា​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វើការ​បង្ក្រាប​បាន​ជនសង្ស័យ​ឈ្មោះ​ វង្ស​ វាស្នា​ នា​វេលា​មោង​១១៖៤០​នាទី​ នៅ​ចំណុច​ភូមិ​ក្ងោក​ សង្កាត់​បឹង​ធំ​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​មានការ​ចង្អុលបង្ហាញ​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ង៉េ​ង​ ជួ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​បញ្ជា​កម្លាំង​បើក​ការ​ស្រាវជ្រាវ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ហ៊ុន​ មុន្នី​រ័​ត្ន​ អនុប្រធាន​នាយកដ្ឋាន​ និង​លោក​វរសេនីយ៍ឯក​ ញ៉ែ​ម​ វ៉​ន​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា​ កាលពី​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​ ១៥:០០​នាទី​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ យក​កាំបិត​បុ័ងតោ​ សម្រាប់​ធ្វើ​ម្ហូប​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​អោយ​ដាច់​កដៃ​ឆ្វេង​ប្រាកដ​មែន​ ស្ថិត​នៅ​ចំណុច​រោង​កម្មករ​ ជិត​វត្ត​លើ​ ក្រុម​ទី​១៥​ ភូមិ​៣​ សង្កាត់​លេខ​១​ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​ ។​ ពេល​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​រត់គេច​ មក​សម្ងំ​លាក់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ