បាត់ដំបង ៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានធ្វើការបង្ក្រាបករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ម៉ូយ បារាំង ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងក្រោយជនសង្ស័យបានប្រព្រឹត្តិសកម្មភាពបៀតបៀនកេរ្តិ៍ភេទប៉ុនប៉ងរំលោភសេពសន្ថវ:ទៅលើស្ត្រីឈ្មោះ ធ.ម អាយុ២៦ឆ្នាំ ជាជនវិបល្លាសស្មារតី (មានសតិមិនគ្រប់) មានទីលំនៅភូមិឃុំជាមួយគ្នា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០៧និង៣០នាទី នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងក្រុមទី១១ ភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈកំពុងធ្វើសកម្មភាពក៏ត្រូវម្ដាយជនរងគ្រោះមកទាន់ និងរាយការណ៍ជូនសមត្ថកិច្ចស្រុកដើម្បីចុះធ្វើការស្រាវជ្រាវចាប់ខ្លួនតែម្ដង។
ពាក់ព័ន្ធនឹងករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកអធិការបានធ្វើការនាំខ្លួនជនសង្ស័យខាងលើមកអធិការដ្ខាននគរបាលស្រុកដើម្បីសួរចម្លើយ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើស្ត្រីឈ្មោះខាងលើពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសំពៅលូនកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ