ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីៗចំនួន៥ទីតាំងបន្ថែម ដែលមានទុនវិនិយោគប្រមាណ៤៤លានដុល្លារ

0

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តគម្រោងវិនិយោគថ្មីៗចំនួន៥ទីតាំងបន្ថែម ទៀត សរុបទុនវិនិយោគប្រមាណ៤៤លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាមហ្វេសប៊ុកផ្លូវការរបស់ CDC បានបង្ហាញថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចេញវិញ្ញាបនបត្រ ចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់គម្រោងបង្កើតរោងចក្រ ចំនួន៤ទីតាំង ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប និង១ទីតាំងទៀតនៅខេត្តព្រះសីហនុ។

គម្រោងនោះរួមមាន គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា មានទុនវិនិយោគប្រមាណ៣៦លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។ គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ មានទុនវិនិយោគជិត៤លានដុល្លារអាម៉េរិក និងបង្កើតការងារបានប្រមាណ១៥០នាក់។ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទុនវិនិយោគជាង ២លានដុល្លារអាម៉េរិក និងបង្កើតការងារបាន ប្រមាណ ៤៥០នាក់។ គម្រោងបង្កើតរោង ចក្រផលិតគ្រឿងបន្ទាប់បន្សំ សម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក និងគម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុន វិនិយោគចំនួន ១លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ១០០នាក់ ។

គួរបញ្ជាក់ថា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម សុខ ចិន្តាសោភា ថ្មីៗនេះ ក៏បានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជន បន្តឈ្វេងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង ជា ច្រើនដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមាន ចាប់ពីដើមឆ្នាំ២០២២នេះទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន