អាជ្ញាធរ ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកម៉ាឡៃ

0

បន្ទាយមានជ័យ៖ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ បានចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅមូលដ្ឋានមួយចំនួន ក្នុងឃុំអូរស្រឡៅ, អូរសំព័រ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងច្រើនធ្វើឱ្យជន់លិចភូមិឋានរបស់ ប្រជា ពលរដ្ឋនៅក្នុងតំបន់នេះ។

ដោយក្តាប់បាននូវសភាពការណ៍នៃគ្រោះជំនន់ទឹកភ្លៀងនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើង លេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១១ ដឹកនាំដោយ លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ ចុះជួយ សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥គ្រួសារ ដោយបានជញ្ជូន សម្ភារ ផ្សេងៗរបស់ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ស្ថិតនៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានទាន់ពេលវេលា។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះថា ការជន់លិចនៅតំបន់ខ្លះនៃស្រុកម៉ាឡៃយប់មិញ គឺបណ្តាល មកពីទឹកភ្លៀងបានធ្លាក់យ៉ាងច្រើនធ្វើឱ្យជន់លិច។ ឯកឧត្តមបានបន្តថា ការលិចនោះ មិនខ្លាំងទេ និងមិនទាន់ដល់កម្រិតជម្លៀសប្រជាពលរដ្ឋនោះដែរ។ តែទោះបីជាយ៉ាងណា នៅពេលមានការជន់លិចនោះកងកម្លាំងយោធា និងអាជ្ញាធរ នៅមូលដ្ឋានបានចុះជួយ អន្តរាគមន៍ទាំងយប់ ជួយរៀបចំរើសម្ភារដាក់នៅទីខ្ពស់។

អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា កម្លាំងសង្គ្រោះរបស់យើងបានត្រៀម លក្ខណៈសម្បត្តិរួចរាល់ ហើយត្រៀមសង្គ្រោះប្រជាពលរដ្ឋជាប់ជានិច្ច។ ឯកឧត្តមក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋសូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀង ធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើងត្រូវរាយការណ៍មកកាន់អាជ្ញាធរ មូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាកូនចៅថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យដើម្បីចៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ៕

ប្រភព៖​ ក្រសួងព័ត៌មាន