ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋនៅដីចម្ការម្រេចភ្នំគូលែន ត្រូវបានប្រកាសរំសាយជាស្ថាពរ

0

សៀមរាប ៖ នៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ចប់ការចុះធ្វើបញ្ជីបច្ចុប្បន្នភាពនៅកន្លែងប្រមូលផ្តុំក្នុងស្រុកបន្ទាយស្រី។

សមត្ថកិច្ចបានបញ្ជាក់ថា : នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះនៅបញ្ជាការស្រាលនៅឃុំត្បែង ស្រុកបន្ទាយស្រីបានរៀបចំកិច្ចប្រជុំគណៈ បញ្ជាការឯកភាព  ដេីម្បីសម្របសម្រួលនូវសកម្មភាពការជួបជុំប្រមូលផ្តុំរបស់គណបក្សLDP   ជាឱសានវាទ ត្រឹមវេលាម៉ោង១៧ ថ្ងៃទី៥ ខែកញ្ញានេះ ដែលគណបក្សLDP បានសន្យាជាមួយអាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម  លេង វី  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្តម ទៀ  សីហា  អភិបាល  នៃគណៈអភិបាលខេត្ត ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផង។

គិតត្រឹមវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី០៥ កញ្ញា ឆ្នាំ២០២២ ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥កញ្ញាឆ្នាំ២០២២នេះ ប៉ុន្តែអាជ្ញាធរត្រូវរៀបចំសម្របសម្រួលឲ្យប្រជាជនចេញទាំងអស់ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ។

ចំពោះ អ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឲ្យម្ចាស់ដីបញ្ជាក់ចំនួនឲ្យច្បាស់លាស់ ឲ្យស្របតាមច្បាប់អាស្រ័យផលលើដីឯកជន ។ បន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់ ហើយបច្ចុប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុណ្ណោះ ហើយអាជ្ញាធរ នឹងបន្តសម្របសម្រួល រវាងម្ចាស់ដីនិង ប្រជាជនដែលត្រូវចាកចេញ។

ក្នុងនោះបងប្អូនដែលបានចេញពីជំរុំ ក៏ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ យកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យសុខភាព ផ្តល់ឱសថព្យាបាល កត្តាសំខាន់ លើការធ្វើតេស្តរកវីរុសកូវីដ-១៩  ក្នុងរយៈពេល៥ថ្ងៃមកនេះ រកឃើញមានវិជ្ជមាន ០២នាក់ផងដែរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ