បាត់ដំបង់៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសានស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញធ្វើការស្រាវជ្រាវនិងបង្រ្កាបករណីលួចកាត់ខ្សែភ្លើងចំនួន០២ ករណី និងបានឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់អនុវត្តតាមច្បាប់។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះមៀន សុផា ភេទប្រុស អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្តឹងចូលមកសមត្ថកិច្ចថាមានករណីអំពើលួចខ្សែភ្លើង កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទី នៅត្រង់ចំណុចក្រុមទី០២ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយជាមួយនេះឈ្មោះ វ៉ាន លីវីរៈ ហៅ ភក្រ័ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ៣៨ ក្រុមទី០១ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបានប្តឹងមកសមត្ថកិច្ច ថាមានករណីអំពើលួចកាត់ខ្សែភ្លើង កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩និង ៥០នាទី ត្រង់ង់ចំណុចក្រុមទី០១ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីទាំងពីរនេះជនរងគ្រោះស្នើរឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកប្រព្រឹត្តនិងខ្សែភ្លើងរបស់ខ្លួនមកវិញ។
បន្ទាប់ពីទទួលពាក្យបណ្តឹងនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តងនោះ ១.ឈ្មោះ ប៉ែន ឈាងលី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និង២.ឈ្មោះ ប៊ុន លីន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងដកហូតមាន៖ ១.ខ្សែរភ្លើងពណ៌ស ទំហំ២ គុណ ៤ ចំនួន ៣ខ្សែរ មានប្រវែង ១៨០ម៉ែត្រ និងខ្សែភ្លើងចម្រុះព៌ណមួយចំនួន,២.កាំបិតបុ័ង្គតោដងជ័រពណ៌ខ្មៅចំនួន ០១,៣.ដង្កាប់ចំនួន ០២, ៤.ទុលល្វីសចំនួន ០១, ៥.ការ៉ុង ពណ៌ស ចំនួន ០២, ៦.កន្រ្តៃកាត់ខ្សែភ្លើងចំនួន ០១
៧.ម៉ូតូ ម៉ាកហុងដា អាយខុន ពណ៌លឿងខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១F-១៨៧៣ ចំនួន ០១គ្រឿង
៨-ម៉ូតូ ម៉ាកហុងដាសេ ១០០ ពណ៌ទឹកប៊ិច សង់កូរ៉េ គ្មានស្លាកលេខចំនួន ០១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានឆ្លើយសារភាពថា គេពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងក្រុងបាត់ដំបងប្រាកដមែន ដែលក្នុងនោះមានបក្សពួកគេមួយចំនួនទៀត ដែលសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងចាត់វិធានការស្របតាមជំនាញ។ បច្ចុប្បន្ន នគរបាលក្រុងកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ