ដេកស្តូកស្តឹងលើថ្នល់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

0

ពោធិ៍សាត់៖ កាលពីថ្ងៃព្រហស្បតិ៍ទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់  ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចមុខធនាគារABA ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យដល់កន្លែងកើតហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ក្រហម ផ្លាកលេខ1C-7976 អ្នកបេីកបររត់គេចខ្លួនបាត់(អញ្ញតជន)ធ្វេី ដំណេីរពីត្បូងទៅជេីងឆ្លងផ្លូវ លុះជិះមកដល់ចំណុចកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ញឹម សុវណ្ណរតនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទួលចា ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(រងរបួសធ្ងន់)ធ្វេីដំណេីរពី កេីតទៅលិច។ ចំពោះអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះ ទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័។

ចំពោះម៉ូតូទាំងពីរគ្រឿង​ សមត្ថកិច្ចនគរបាលបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រង់ចាំការដោះស្រាយតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ