ពោធិ៍សាត់ ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១ និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូ និងម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ០៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា ៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកហុងដា Click ពណ៌ក្រហម ពាក់ស្លាកលេខពោធិ៍សាត់ 1I-2858 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើបានគេចរថយន្តមកបញ្រ្ចាស់ទិសពីមុខ ក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដា Dream សេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៤ ជិះឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលអ្នកបើកបរម៉ូតូទាំងពីររងរបួសធ្ងន់ ឃើញហេតុដូចនេះប្រភពបានផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ សង្គ្រោះជនរងគ្រោះ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ។
លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់បញ្ជាក់ឲ្យដឹងថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺបង្កមកពីកត្តា ប្រើប្រាស់ល្បឿន ខ្វះការប្រុងប្រយ័ត្ន និងមិនពាក់មួកសុវត្ថិភាព តុល្យភាពនៃការខូចខាត ស្លាប់មនុស្ស០១នាក់ របួសធ្ងន់០១នាក់ និងខូចម៉ូតូពីរគ្រឿង ។
លោកអធិការ បានបន្តឱ្យដឹងថា ៖ ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ១-ឈ្មោះ លី សារី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូម៉ាកហុងដា Click រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។ ២-ឈ្មោះ ទ្រូ វ៉ាត់ ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរ ម៉ូតូម៉ាកហុងដា Dream រងរបួសធ្ងន់ ស្លាប់ពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលស្នាមព្រះ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ