ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០១៦រហូតដល់ឆ្នាំ២០២០ កម្ពុជាលក់ឥណទានកាបូនក្នុងទីផ្សារ កាបូនស្ម័គ្រចិត្ត បានថវិកាចំនួន១១,៦លានដុល្លារសហរដ្ឋអាមេរិក ដែលថវិកានេះបានជួយពង្រឹងដល់ការ អភិរក្សព្រៃឈើនៅកម្ពុជា ។. ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការកើនឡើង ថវិកាដែលបានមកពីការលក់ឥណទានកាបូននេះ ដោយសារតែផ្ទៃដីតំបន់ការពារអភិរក្ស មានការកើនឡើង ជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននេះកំពុងពិនិត្យផ្ទៃដីចំនួន១លាន១សែន៩ម៉ឺនហិកតាបន្ថែមទៀត ដើម្បីបញ្ចូល ទៅក្នុងក្រមខណ្ឌនៃការលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងបរិស្ថាន » នៅព្រឹកថ្ងៃទី៣០ ខែសីហា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបានបន្តថា កម្ពុជា និងឥណ្ឌូណេស៊ី គឺជា ប្រទេសសមាជិកតែពីរនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានលក់ឥណទានកាបូន ។ ការលក់ឥណទានកាបូន ធ្វើឡើងតាមរយៈការអនុវត្តន៍រេដបូក គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយ ឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងសឹករេចរឹលព្រៃឈើ ។ រេដបូកមានគោលបំណង (១) ការពារព្រៃឈើ ឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង (២) ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ។ « កម្ពុជាយើងផ្ទៃដីសរុបដែលអាចលក់ឥណទានកាបូនបានគឺនឹងកើនឡើងរហូតដល់ ២លាន ៤សែន៦ម៉ឺនហិកតាដែលស្មើនឹងប្រមាណ៣៤%នៃផ្ទៃដីតំបន់ការពារធម្មជាតិ ហើយជាគោលនយោបាយ របស់រាជរដ្ឋាភិបាលគឺយើងជំរុញការលក់ឥណទានកាបូននៅក្នុងតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស ដែលកំពុងតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន សុវត្ថិភាពសំខាន់នៃការការពារនេះ វាជាកត្តា អំណោចផលដល់កម្ពុជារបស់យើងនៅក្នុងការលក់ឥណទានកាបូន ហើយនេះជារបត់ដ៏សំខាន់មួយ ដែល កម្ពុជាយើងពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានទទួលចំណូលពីការ អភិរក្សព្រៃឈើរបស់ខ្លួន ហើយបាននិងកំពុងលុបបំបាត់នូវទស្សនៈដែលថាកម្ពុជាយើងអស់ព្រៃឈើហើយ តែបើសិនជាកម្ពុជាយើងអស់ព្រៃឈើយើងមិនអានលក់ឥណទានកាបូនបានទេ ។ កម្ពុជាក៏ជាកូនសិស្សល្អនៅក្នុងដំណើរនៃការអភិរក្សនិងការលក់ឥណទានកាបូនផងដែរ » ។
ឯកឧត្តមបានបន្ថែមថា ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋាន ក្នុងនោះរួមមានសហគមន៍តំបន់ ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែ ជីវភាពសម្រាប់ពួកគាត់បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការ សម្រាប់ប្រើ ប្រាស់ប្រចាំថ្ងៃខ្លួនឯងផងនិងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់ សហគមន៍របស់ពលរដ្ឋផងដែរ ។
សូមបញ្ជាក់ថា កម្ពុជាបានលក់គម្រោងឥណទានកាបូនចំនួនបីនៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្ត មណ្ឌលគិរី ដែលជាគម្រោងរេដបូក នៅឧទ្យានជាតិក្រវាញខាងត្បូងក្នុងខេត្តកោះកុង និងដែនជម្រក សត្វព្រៃឡង់ ក្នុងខេត្តស្ទឹងត្រែង ៕
ប្រភព៖ ក្រសួងព័ត៌មាន