បាត់ដំបង ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤និង៤៨នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដកហូតវត្ថុតាងនិងនាំខ្លួនមកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ។
ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ រឿន ឯកលេនីន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នកឌុប) និង២.ឈ្មោះ រ៉េត ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នកធ្វើសកម្មភាពឆក់)។ សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពឆក់យកទូរសព្ទដៃរបស់ជនរងគ្រោះឈ្មោះ ម៉ម ស្រីណា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅពេលដែលជនរងគ្រោះកំពុងជិះម៉ូតូនៅតាមដងផ្លូវ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកយ៉ាម៉ាហា ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K-1668, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក VIVO Y21 ពណ៌ទឹកប៊ិច (ជារបស់ជនរងគ្រោះ) ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ