ភ្នំពេញ ៖ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនយុវវជនម្នាក់ ពាក់ព័ន្ធនឹងករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ ម៉ាណា ប្រទេពស៊ីន បានដាក់ Intro ថា មានទទួលកម្មង់សម្លាប់មនុស្ស the wing of a devil និងបានបង្ហោះខ្លឹមសារថា បាញ់លេងសោះងាប់មែនទែន និងបង្ហោះលក់ប៊ិចកាំភ្លើង ពាក់ព័ន្ធនឹងករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាល និង ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងជំនាញ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វុធ សុម៉ាណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ ។
ក្រោយពីសាកសួរ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនសំណុំកសាងនីតិវិធី និងត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំបណ្តោះអាសន្ន៕
ប្រភព៖ អគ្គស្នងការដ្ឋានគរបាលជាតិ