ពោធិ៍សាត់ ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២០ និង៤០នាទី សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ បានឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីធ្វើសកម្មភាពបង្កហឹង្សាដោយចេតនា ដោយយកកាំបិតតាំងតោ កាប់ទៅលើជនរងគ្រោះជាម្ចាស់ផ្ទះ បណ្តាលឲ្យរងរបួសស្រាល ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
តាមការរៀបរាប់របស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ៖ មុនពេលកើតហេតុជនបង្កឈ្មោះ ជ័យ កុសល បានផឹកស្រាស្រវឹង រួចដើរមកចូលផ្ទះជនរងគ្រោះ ហើយបានទៅច្របាច់កកូនរបស់ជនរងគ្រោះ ឃើញដូចនេះជនរងគ្រោះក៏ស្ទុះទៅជួយឃាត់ និងសង្គ្រោះកូនរបស់ខ្លួន តែបែរជាត្រូវជនបង្កខាងលើ យកកាំបិតតាំងតោ កាប់មកលើខ្លួន ចំស្មាខាងឆ្វេង បណ្តាលឲ្យរងរបួសស្រាល ។
លោកវរសេនីយ៍ទោ កែវ សារិ អធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ៖ ដោយទទួលព័ត៌មានពីករណីហឹង្សាខាងលើ លោកអធិការបានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ធ្វើការចុះបង្រ្កាប និងឃាត់ខ្លួនជនបង្កឈ្មោះ ជ័យ កុសល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ រួមនឹងវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ជាបណ្តោះអាសន្ន ដើម្បីរៀបចំនីតិវិធី នឹងធ្វើការអប់រំតាម សំណើរបស់ជនរងគ្រោះឈ្មោះ មែក សុខរៀន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ បញ្ជាក់ជនបង្ក និងជនរងគ្រោះពីមុនមកធ្លាប់ផឹកស៊ីជាមួយគ្នាជាញឹកញ៉ាប់ តែមកដល់ថ្ងៃកើតហេតុអ្នកទាំងពីរមិនបានផឹកស៊ីជាមួយគ្នាឡើយ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ