អាជ្ញាធរ ប្រាប់ថា អ្នកបារីអេឡិចត្រូនិកតាមបណ្តាញព័ត៌មានសង្គម ចាប់ផ្តើមមានការប្រុងប្រយ័ត្នជាងមុន ក្រោយមានចំណាត់កាតពីសមត្ថកិច្ច

0

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសង្គមស៊ីវិលបានបង្ហាញថា ការលក់និងចែកចាយបារីអេឡិច​ត្រូនិក​តាម​បណ្តាញព័ត៌មានសង្គម មានការប្រុង ប្រយ័ត្នជាងមុន ក្រោយមានចំណាត់ការពីអាជ្ញាធរមាន សមត្ថកិច្ច ខណៈដែល​ការប្រើប្រាស់​ឧបករណ៍បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាចឈានទៅការប្រើប្រាស់គ្រឿងញៀន​។

ថ្លែងក្នុងសិក្ឋសាលាស្តីពីការរឹតបន្តឹងការហាមឃាត់ ការប្រើប្រាស់ ការនាំចូលនិងការធ្វើ អាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចធ៍ ធី ភី (HTP)នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ នៅសាលាមធ្យមវិចិត្រសិល្បៈឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមាន ប្រសាសន៍ថា បារីអេឡិចត្រូ និក និងផលិតផលអេចឈ៍ ធី ភី កំពុងពង្វក់យុវជននិងកុមារ ហើយក្លាយជាការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។

កន្លងមក ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការធ្វើ អាជីវកម្ម ស៊ីហ្សា បារីអេឡិចត្រូនិច (E-cigarette) និងការប្រើប្រាស់ផលិតផល អេចស៍ ធី ភី (HTPs) ក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២កន្លងមក។

ឯកឧត្តមបន្តថា យើងឃើញមានការបង្ក្រាបរបស់សមត្ថ កិច្ចជាច្រើនករណីចំពោះការលក់ ការចែកចាយ បារីអេឡិចត្រូនិកជាបន្តបន្ទាប់ដូចជាការបង្ក្រាបរបស់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការនគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការនគរបាលខេត្តពោធិ៍សាត់។ល។

ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចយ៉ាងណាក្ដី នៅពេលថ្មីៗនេះ យើងសង្កេតឃើញថា ការចែកចាយ ការលក់ និងការប្រើប្រាស់បារីអេឡិចត្រូនិក (vape)តាមបណ្តាញព័ត៌មានសង្កម នៅតែមានសកម្មភាពបន្តដដែល ដោយគ្រាន់តែមានការប្រុងប្រយ័ត្នជាងមុន ដោយផ្លាស់ប្តូរពីការផ្សព្វផ្សាយលក់ផលិតផលទាំងនេះដោយផ្ទាល់តាមហ្វេសប៊ុកឬផេក មកជាការលក់តាមប្រព័ន្ធតេលេក្រាមវិញ ដោយរក្សាគណនេយ្យហ្វេសប៊ុកឬផេក សម្រាប់ទំនាក់ ទំនងជាមួយអតិថិជន។

អ្នកលក់ខ្លះទៀត មិនអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួន មកទិញដោយផ្ទាល់ទេ មានន័យថា ទំនិញត្រូវដឹកទៅឱ្យអ្នកទិញតាមភ្នាក់ងារដឹកជញ្ជូនវិញ។ អ្នកលក់ខ្លះទៀត គ្រាន់តែផ្អាកសកម្មភាពពេលមានការរឹតបន្តឹងខ្លាំងពីអាជ្ញាធរមានសមត្តកិច្ច រួចបន្តផ្សព្វផ្សាយលក់ដដែល។ អ្នកលក់ខ្លះទៀត ក៏នៅតែបន្តលក់តាមហ្វេសប៊ុកឬផេក ដោយមិនក្រែងរអែងអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ឯកឧត្តមសង្កត់ធ្ងន់ថា ទង្វើទាំងនេះជាការប្រព្រឹត្តបទ ល្មើសទៅនឹងសេចក្ដីណែនាំរបស់របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ការប្រើប្រាស់ ការធ្វើអាជីវកម្ម ការនាំ ចូល ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច (E-cigarette) តាំងពីឆ្នាំ២០១៤ និងហាម ឃាត់ការប្រើប្រាស់ការធ្វើអាជីវ កម្ម ការនាំចូលផលិតផល អេចស៍ ធី ភី (HTPs) នៅឆ្នាំ២០២១។

សំឡេង៖ « ហេតុដូចនេះហើយ ទើបយើងបានឯកភាពគ្នាបន្តការចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើការប្រើប្រាស់ ការផ្សព្វផ្សាយលក់តាមរយៈបណ្តាញពត័មានសង្គមគ្រប់ទម្រង់ និងការចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់រូបភាពដើម្បីទប់ស្កាត់បង្ការពីចម្ងាយ កុំឱ្យមានហានិភ័យកាន់តែក្តៅធ្វើឱ្យពិបាកទប់ស្កាត់ ពេលអនាគត»។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិប្រតិបត្តិអង្គការចលនាសុខភាពកម្ពុជាបានមានប្រសាសន៍ថា ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុង ចំណោមមនុស្សវ័យជំទង់ និងកុមារមានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរ ក្បាល ដែលនាំឱ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។

ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឱ្យក្រុមមនុស្សវ័យជំទង់​និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។ ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខ ភាព បណ្ដាលឱ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ សំឡេង៖ «ដោយសារតែបារីអេឡិចត្រូនិកហ្នឹងវាមានជាតិ នីកូទីន អ៊ីចឹងផលប៉ះពាល់វាទី១ គឺប៉ះពាល់ដល់ខួរ ក្បាល ជាពិសេសស្រ្តីដែលមានផ្ទៃពោះ បើគាត់ប៉ះពាល់ទៅហ្នឹងបារីអេឡិចត្រូនិក ឬវេបនេះ ធ្វើឱ្យបំផ្លាញខួរក្បាលកូនគាត់ ។

ចំពោះកុមារបង្អាក់ការលូតលាស់ប្រព័ន្ធខួរក្បាល ប៉ះពាល់ដល់ការសិក្សា ជាដើម ។ ជារួម វេបនេះប៉ះ ពាល់ដល់សុខភាពក្រុមមនុស្សវ័យជំទង់និងកុមារនេះ វាជាការប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានមនុស្សរបស់កម្ពុជា ដែលពួកគេទាំងនោះ គឺជាមនុស្សបន្តវេនក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជានាថ្ងៃខាងមុខ»។ លោកវេជ្ជបណ្ឌិតបន្តថា លើសពីនេះ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិនីកូទីនត្រូវបានស្រូបចូលទៅក្នុងរាងកាយ​ហើយចូលទៅក្នុងខួរក្បាល​របស់អ្នកជក់ នេះយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។

អ្នកជំនាញកំពុងព្រមានថាអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជាច្រើន កំពុងវិវត្តន៍ស្ថានភាពក្នុងអត្រាប្រកាសអាសន្ន ជាពិសេសនៅវ័យក្មេង។ លោកវេជ្ជ. Panagis Galiatsatos មកពីសាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា អ្នកដែលទទួលរងនូវករណីធ្ងន់ធ្ងរបំផុតនៃស្ថានភាពនេះទំនងជានឹងស្លាប់ដោយសារជំងឺផ្លូវដង្ហើមក្នុងរយៈពេល 5 ឆ្នាំបន្ទាប់ពីការវិវត្តរបស់វា។ សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ រដ្ឋបាលធានី ខេត្តទាំង២៥ ស្នងការនគរបាលរាជធានី ខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត នាយកដ្ឋានប្រឆាំងបទល្មើស​បចេ្ចកវិទ្យានៃក្រសួង មហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណងរួមគ្នាទប់ស្កាត់នូវការលក់ និងចែកចាយបារី​អេឡិច​ត្រូនិកតាមបណ្តាញព័ត៌មានសង្គម ឱ្យមានប្រសិទ្ធភាពថែមទៀត ៕

ប្រភព៖ ក្រសួងព័ត៌មាន