ក្រសួងអប់រំ នឹងប្តេជ្ញាបន្ដលើកកម្ពស់គុណភាពប្រឡងគ្រប់ប្រភេទ ដោយគ្មានការបន្ធូរបន្ថយឡើយ

0

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួងប្ដេជ្ញាបន្ដលើក​កម្ពស់​គុណភាពប្រឡងគ្រប់ប្រភេទ ដោយមិនមានការបន្ធូរបន្ថយឡើយ ដើម្បីពង្រឹងគុណ​ភាព​ធនធានមនុស្សរបស់កម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់​ក្រសួងអប់រំ យុវជន និងកីឡា» ដែលបានរៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តី​ការ​គណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម រស់ សុវាចារ អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះគុណភាពនៃការអប់រំ គឺក្រសួង​បានបន្ដរៀន និងបង្រៀនពេញលេញ នៅគ្រប់កម្រិតក្នុងប្រទេសកម្ពុជា ដើម្បី​សិក្សា​ឆ្លើយទៅនឹងតម្រូវការរៀនសូត្រ និងតម្រូវការទីផ្សារ ជាដើម ក្នុងបរិបទកូវីដ-១៩នេះ ផងដែរ។ ឯកឧត្ដមលើកឡើងថា​ មុន និងក្នុងបរិបទកូវីដ-១៩ ការរៀន និងបង្រៀន ប្រព្រឹត្ត​ទៅតាមរូបភាព ដែលក្រសួងអប់រំ យុវជន និងកីឡា មានភាពជាអ្នកដឹកនាំ​ក្នុងការ​ឆ្លើយតបភ្លាមៗ ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយក។ ឯកឧត្ដមបានបន្ដថា ការអប់រំតាមប្រព័ន្ធឌីជីថល នៅតែបន្តសម្រាប់ស្វ័យសិក្សា ទោះបី​សាលាទាំងអស់បើកដំណើរការឡើងវិញ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់បន្ថែមថា «ក្រសួងអប់រំ យុវជន និងកីឡា មុន និងក្នុងបរិបទកូវីដ-១៩ គឺបន្ដអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន សម្រាប់ការប្រឡងគ្រប់ប្រភេទ ដោយមិនមានការ​បន្ធូរ​បន្ថយទេ នេះជាកត្តាសំខាន់។ សួរថា មូលហេតុអ្វីក៏មិនមានការបន្ធូរបន្ថយ ការពង្រឹង​គុណភាពធនធានមនុស្សកម្ពុជា អាចបន្ដប្រព្រឹត្តទៅបានក្រោមគោលការណ៍ទាំងបួន (ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយក) ដែលក្រសួងអប់រំយុវជន និងកីឡា បានបន្ដអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ប្រកបដោយខ្ពស់ ក្នុងការបន្ដកំណែងទម្រង់ អប់រំ យុវជន និងកីឡា ជាពិសេសការបន្ដលើកកម្ពស់ គុណភាពប្រឡងតែម្ដង»៕​

ប្រភព៖ ក្រសួងព័ត៌មាន