កំពង់ចាម៖ កសិករក្នុងសហគមន៍សំបូរមានជ័យ កំពុងមមាញឹកប្រមូលផលដំណាំស្លឹកគ្រៃ ប្រមាណ៨០ហិកតា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ។
លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍សំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះប្រជាកសិករនៅក្នុងសហគមន៍សំបូរមានជ័យកំពុងមមាញឹកលើការប្រមូលផលដំណាំស្លឹកគ្រៃប្រមាណជា៨០ហិកតា សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារឱ្យបានទាន់ពេលវេលា និងកុំឱ្យសល់ជន់ជោរគ្មានទីផ្សារ។
លោកបានបន្តថា ទោះបីនៅក្នុងប៉ុន្មានខែចុងក្រោយនេះ មានការប្រែប្រួលអាកាសធាតុបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែបញ្ហានេះមិនធ្វើឱ្យមានផលប៉ះពាល់ទៅដល់ការដាំដុះនិងការប្រមូលផលស្លឹកគ្រៃនោះទេ ដោយសារតែសហគមន៍សំបូរមានជ័យមានបច្ចេកទេសដាំ និងថែទាំ បានត្រឹមត្រូវ ជាពិសេសមានការបែងចែកកម្លាំងឱ្យសមស្របទៅនឹងការប្រមូលផលឱ្យបានទាន់ពេលវេលា។ លោកបានបន្ថែមថា សម្រាប់ដំណាំស្លឹកគ្រៃដែលសហគមន៍ លោកបានប្រមូលផលរួចរាល់ គឺមានការសហការជាមួយដៃគូ នៅក្នុងខេត្តផ្ទាល់ និងមួយចំនួនទៀតផ្គត់ផ្គត់ទៅឱ្យអតិថិជន ដែលនៅតាមបណ្តាផ្សារផ្សេងៗនៅរាជធានីភ្នំពេញ ។
លោកបានបញ្ជាក់បន្ថែមថាក្នុងពេលបច្ចុប្បន្ននេះដែរ ខាងសហគមន៍សំបូរមានជ័យកំពុងស្វែងរកបន្ថែមនូវដៃគូសហការចូលរួមពង្រីការដាំដុះដំណាំផ្សេងៗបន្ថែមទៀត ជាពិសេសកំពុងមានទំនាក់ទំនងពិភាក្សាជាមួយដៃគូនានាសម្រាប់ធ្វើការនាំចេញដំណាំស្លឹកគ្រៃ ទៅក្រៅប្រទេស ដើម្បីជួយលើកស្ទួយវិស័យកសិកម្មក្នុងខេត្តផង និងបានជួយលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍ផងដែរ។
« សព្វថ្ងៃនេះយើងកំពុងតែបណ្ដុំផលិត ច្រើន រៀបចំទំនាក់ទំនងរកដៃគូ ធ្វើកុងត្រា សម្រាប់នាំចេញ បន្ថែមយើងមិនទាន់បានទេប៉ុន្តែកំពុងតែមានទំនាក់ទំនង ដៃគូមួយចំនួនហើយ សម្រាប់ក្រុមហ៊ុននាំចេញ ហើយសម្រាប់ក្នុងស្រុកយើងវាលំបាកដែរ ដោយសារវាជន់ជោរយើងកំណត់តម្លៃមិនទាន់បានមួយសមស្រប ពេលខ្លះតម្លៃបច្ចុប្បន្នវាល្អមធ្យម ពេលខ្លះទៅពេលដែលមានមកពីខេត្តផ្សេងច្រើនទៅវាធ្លាក់ថ្លៃ តែដល់ពេលវាអត់ទៅវាឡើងថ្លៃទៅ តែឥឡូវតម្លៃវានៅល្អមធ្យម »។
សូមបញ្ជាក់ថា សហគមន៍សំបូរមានជ័យ បានបង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលបច្ចុប្បន្នមានដាំដំណាំស្លឹកគ្រៃប្រមាណជា៨០ហិកតា និងមានសមាជិកដាំស្លឹកគ្រៃចំនួន ៩០០គ្រួសារ ៕
ប្រភព៖ ក្រសួងព័ត៌មាន