កាប់​មួយ​កាំបិត​ខ្វែវ ដោះស្រាយ​គំនុំ​ចាស់ ជាមួយ​គូទំនាស់

0

កណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ឃាត់ខ្លួន ករណី​ហិង្សា​ដោយ​ចេតនា បន្ទាប់​ពី​ជន​នេះ​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​គូទំនាស់​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​របួស​ស្លឹកត្រចៀក​យ៉ាងដំណំ កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង ១៥​និង​០០​នាទី ចំណុច​ភូមិ ពុក​ឫស្សី​ក​ណ្ថា​ល ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ តាំង អៀង ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​ពពុះសណ្ដែក មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ មាន​របួស​ស្នាម របួស​រយះ​ស្លឹកត្រចៀក ០១​កន្លែង ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ញឹ​ម ពន្លក ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ ។ វត្ថុ​តាង​ចាប់​យក​មាន ៖ កាំបិតប៉័ងតោ ចំនួន​០១،​កាំបិត​ខ្មែរ ចំនួន​០១ ។

ប្រភព​ដដែល​បន្ត​ថា កន្លង​មក​ជនសង្ស័យ​ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក នៅ​ឆ្នាំ​២០១៩ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ខេត្តកណ្ដាល រយៈពេល ០៦​ខែ ពី​បទ​ហិង្សា​ដោយ​ចេតនា ។ លុះ​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥​និង​០០​នាទី ជនសង្ស័យ​និង​ជន​រង​គ្រោះ​មាន​សភាព​ស្រវឹងស្រា​ដូច​គ្នា ហើយ​ជិះ​ម៉ូតូ​បញ្ច្រាស​ទិញ​គ្នា ពេល​ជិះ​ជួប​គ្នា​អ្នក​ទាំង​ពីរ​បម្រុង​ជិះ​បុក​គ្នា ហើយ​ក៏​មាន​ទំនាស់​ពាក្យ​សំដី ព្រមទាំង​ប្រតាយប្រតប់​គ្នា​ថែម​ទៀត​ផង ។

បន្ទាប់​មក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​យក​កាំបិត​ខ្វែវ​ពី​ផ្ទះ​ខ្លួន ដើរទៅ​សំដៅ​រក​ជន​រង​គ្រោះ ពេល​នោះ​ជន​រង​គ្រោះ​ក៏​ទាញ​កាំបិតប៉័ងតោ គប់​សំដៅ​ទៅ​ជនសង្ស័យ​តែ​មិន​ត្រូវ ភ្លាម​នោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​កាប់​ជន​រង​គ្រោះ​មួយ​កាំបិត​ត្រូវ​ច​ស្លឹកត្រចៀក​ខាងស្ដាំ បណ្ដាល​រយះ​ចេញ​ឈាម ។

បន្ទាប់​ពី​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ពុក​ឫស្សី​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង​បញ្ជូន​មក​អធិការ​រ​ដ្ឋា​នគរបាល​ស្រុក​ខ្សាច់កណ្តាល អនុវត្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ