គ្រាន់តែ ៧​ខែ ឆ្នាំ​២០២២​នេះ មាន​រោងចក្រ​បើក​ថ្មី​ជាង ១០០​រោងចក្រ

0

ភ្នំពេញ ៖ ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២២ មាន​រោងចក្រ​បង្កើត​ថ្មី​ចំនួន ១១២​រោងចក្រ ហើយ​បង្កើត​ឱកាស​ការងារ​ថ្មី ចំនួន ៧៦,៦២៤​នាក់ ដែល​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​ទីផ្សារ​ការ ងារ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌ មាន ស្ដី​ពី សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥​ឆ្នាំ​កន្លង​មក របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ថ្ងៃ​ទី​១១ ខែ សីហា ឆ្នាំ​២០២២ នា​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​មាន ប្រសាសន៍​ថា គិត​ចាប់ពី​ឆ្នាំ ២០១៧ មក​ដល់​ពាក់ កណ្តាលខែ​កក្កដា ឆ្នាំ​២០២២ រោងចក្រ​និង​សិប្បកម្ម មាន​ចំនួន​១៩៤៧​រោងចក្រ ដែល​ស្ថិត​នៅ​ក្នុង​២៥​រាជធានី ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​មាន​កំណើន​៤២៥ រោងចក្រ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ស្មើនឹង​ប្រមាណ ២៧.៩២​ភាគរយ ធៀប​នឹង​រយៈកាល​៥​ឆ្នាំ​កន្លង​មកនេះ​។ ឯកឧត្តម រដ្ឋលេខាធិការ បន្ត​ថា ឆ្នាំ​២០១៧ កម្ពុជា​មាន​រោងចក្រ​ធំ​ៗ​ចំនួន​១៥២២ រោងចក្រ ហើយ​រហូត​មក​ដល់​ឆ្នាំ​២០២២​នេះ កម្ពុជា​មាន​រោងចក្រ​ចំនួន​១៩៤៧ រោង ចក្រ ដែល​មាន​កំណើន ១១០៧​រោងចក្រ ខណៈ​ដែល​ក្នុង​រយៈពេល​៥​ឆ្នាំ​មាន​រោង ចក្រ​បាន​បិទទ្វារ​ចំនួន ៦៨២ រោងចក្រ ។

ឯកឧត្តម រដ្ឋលេខាធិការ បានឱ្យ​ដឹង​ទៀត​ថា កម្លាំង​ពលកម្ម​សរុប​គិត​ត្រឹម​ដំណាច់ខែ​កក្កដា ឆ្នាំ​២០២២ នេះ មាន​ចំនួន ១,០៤៥,២២៦​នាក់ ដែល​ក្នុង​នោះ​ស្ត្រី​ចំនួន ៧៩៣,០២៨​នាក់ ស្មើនឹង ៧៥.៩៤​ភាគរយ ខណៈ​ដែល​កំណើន​នេះ​មាន​ចំនួន ៦២,០២៣​នាក់ កើនឡើង​ចំនួន ៦,៣១​ភាគរយ ប្រៀប ធៀប​រយៈកាល​៥​ឆ្នាំ​កន្លង​ទៅ ។ ឯកឧត្តម រដ្ឋលេខាធិការ បាន​បញ្ជាក់​ថា កត្តា​សុខ​សន្តិភាព និង​ការ​កែទម្រង់​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​ជា​បន្ត បន្ទាប់​របស់​រដ្ឋាភិបាល​បាន​ផ្តល់​ទំនុកចិត្ត និង​បរិស្ថាន​សម​ស្រប​ដល់​វិនិយោគិន ធុរជន​ក្នុង និង​ក្រៅប្រទេស​ឱ្យ​បន្ត​បណ្តាក់ទុន​នៅ​កម្ពុជា​។ « គេ​គិត​ថា​នៅ​កម្ពុជា​របស់​យើង មាន​លទ្ធភាព​គ្រប់គ្រាន់​នៅ​លើ​ការ​គ្រប់គ្រង នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ អ៊ីចឹង​ហើយ​គេ​មិន​ព្រួយបារម្ភ​នៅ​ក្នុង​ការ បិទ​រោងចក្រ​ឬ​LockDown ប្រទេស ដូច​ជា​បណ្តា​ប្រទេស​មួយ​ចំនួន ដែល​ជា​ការ​បង្កើន​នូវ​ភាព​ជឿជាក់​បន្ថែម​ទៀត បូក​រួម​ជាមួយ​គោលនយោបាយ​ថ្មី​ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​របស់​យើង ដែល​បាន​ដាក់​ចេញ​នូវ​ការ​គាំពារ ទៅ​លើ​បណ្តា​អ្នក​វិនិយោគ​គិ​ន ហើយ​ជា​ពិសេស​ច្បាប់​វិនិយោគ​គិ​ន​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ភាព​ទាក់ទាញ​ខ្លាំង​មែន ទែន ដែល​ជា​ការ​ជំរុញ​បន្ថែម​ទៀត នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​វិនិយោគ​គិ​ន​មក​បណ្តាក់ទុន​បន្ថែម ដែល​យើង​ឃើញ​ថា ត្រឹមតែ​រយៈពេល​៧​ខែ​ដើមឆ្នាំ ២០២២ យើង​មាន​រោងចក្រ​ថ្មី​រហូត​ទៅ​ដល់​១១២​រោងចក្រ​ដែល​បង្កើត »​។

ឯកឧត្តម ហេង សុខ​គង់ បានឱ្យ​ដឹង​ដែរ​ថា សម្រាប់​ទុន​វិនិយោគ នៅ​ក្នុង​ចំណោម ១៩៤៧​រោងចក្រ មាន​ទុន​វិនិយោគ​សរុប​ចំនួន ១៥,៧០៧ លាន​ដុល្លារ​អា​មេ​រិ​ក ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ មានការ​កើនឡើង​ចំនួន ៦,២៩៧​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៦៦.៩១% បើ​ធៀប​ទៅ​នឹង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​៕

ប្រភព៖ ក្រសួងព័ត៌មាន