ពោធិ៍សាត់ ៖ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៦និង១០នាទីយប់ មានករណីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ភេទប្រុស នៅចំណុចក្នុងបន្ទប់ថ្នាក់ទី៩.C វិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតនៅភូមិឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកអធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ាង ម៉ាណែត ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិ កំពង់ខ្ទុម ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាងបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នាងបានចេញពីរៀនកួរមុខវិជ្ជាគណិតវិទ្យា នៅបន្ទប់ថ្នាក់ទី១០អា នាងក៏ឃើញបង្អួចបន្ទប់ថ្នាក់រៀនរបស់ខ្លួនចំហទាំងខាងមុខនិងខាងក្រោយ ពេលនោះខ្លួនក៏បានបបួលមិត្តភកិ្តស្រីម្នាក់ទៅបិទបង្អួច តែគេមិនទៅ ព្រោះប្រញាប់ទៅផ្ទះបងគេមកចាំយក បន្ទាប់មកនាង ក៏បានដើរទៅបិទបង្អួចតែម្នាក់ឯង ពេលកំពុងតែបិទបង្អួចខាងមុខ ស្រាប់តែឃើញជនសង្ស័យម្នាក់អង្គុយចុចទូរស័ព្ទក្រោមដើមឈើ ចម្ងាយពីបង្អួចខាងក្រោយប្រហែល២ទៅ៣ម៉ែត្រ ដោយជនសង្ស័យមានពាក់មួកខ្មៅ ស្រោមមុខបិទជិត (ក្រណាត់) ឃើញតែប្រឡោះភ្នែក ពាក់អាវក្រណាត់ដៃវែង ពណ៌ខ្មៅ និងខោខូវប៊យជើងវែង ពណ៌ខៀវ មានរហែកជង្គង់ព្រុយៗ ក្រោយពីបិទបង្អួចខាងមុខរួច នាងបានដើរទៅបិទបង្អួចខាងក្រោយ ពេលបម្រុងនឹងបិទបង្អួច ស្រាប់តែជនសង្ស័យដែលអង្គុយចុចទូរស័ព្ទនោះ ស្ទុះមករុញនាងតាមបង្អួចអោយចូលក្នុងបន្ទប់ថ្នាក់ ពេលនោះស្រាប់តែឃើញជនសង្ស័យម្នាក់ទៀតពាក់មួកខ្មៅ ស្រោមមុខបិទជិត(ក្រណាត់) ឃើញតែប្រឡោះភ្នែកដូចជនសង្ស័យនៅខាងក្រៅដែរ បានចាប់ទាញដៃនាងចូលក្នុងបន្ទប់ បន្ទាប់មកជនសង្ស័យដែលនៅក្នុងបន្ទប់នោះ ចាប់គ្រៀកកនាងជាប់ ហើយបានយកកូនកាំបិតចុងស្រួចភ្ជង់ក នាងខំព្យាយាមរើបំរាស់យ៉ាងខ្លាំង ហើយជនសង្ស័យនិយាយថា កុំរើហ៊ានតែរើ ប្រយ័ត្នអា.ក និយាយរួច ជនសង្ស័យបានយកកាំបិតដែលភ្ជង់.ក.នាង មកចាក់ចំដើមទ្រូងខាងឆ្វេងត្រង់បេះដូង ចំនួន១កាំបិត ត្រូវសើរៗ មិនបណ្ដាលអោយរងរបួសធ្ងន់នោះទេ នាងក៏ខំព្យាយាមរើបំរាស់ទៀត រួចក៏ត្រូវជនសង្ស័យចាក់ថែមចំនួន៣កាបិតទៀត ត្រូវចំពោះខាងឆ្វេង ដោយកាំបិតចាក់លើកទី១និងទី២ ចាក់ដកៗ ចំណែកឯចាក់លើកទី៣ ជនសង្ស័យចាក់ដោតជាប់នឹងពោះនាងតែម្ដង ហើយជនសង្ស័យនិយាយថា ឈ្មោះ ភក្ដី ភេទប្រុស ជាអ្នកជួលមកសម្លាប់ និយាយរួច ជនសង្ស័យក៏ហក់ចេញតាមបង្អួចខាងក្រោយ រត់ទៅជាមួយជនសង្ស័យម្នាក់ទៀត ដែលនៅចាំខាងក្រៅ ជនសង្ស័យទាំងពីរបាន នាំគ្នាផ្លោះរបងចូលទៅសាលាបឋមសិក្សាហ៊ុនសែនបាក់ចិញ្ចៀនរត់គេចខ្លួនបាត់តែម្ដង។ រីឯនារីរងគ្រោះ ក៏បានដួលទៅលើសាបស៊ីម៉ងកន្លែងតុគ្រូបង្រៀន រួចនាងក៏បានដកកាំបិតដែលជាប់នឹងពោះ បោះចោលទៅក្រោមតុសិស្ស បន្ទាប់មកនាងបានយកទូរស័ព្ទដែលកាន់និងដៃតេទៅម្ដាយដែលនៅខេត្តព្រៃវែង ដោយនិយាយប្រាប់ថា គេសម្លាប់កូនហើយម៉ាក់ និយាយរួចក៏សន្លប់បាត់បង់ស្មារតីតែម្ដង។ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់តែម្ដង។
លោកអធិការបានបន្តទៀតថា នារីរងគ្រោះបានផ្លាស់ទីលំនៅពីខេត្តព្រៃវែង មករស់នៅជាមួយមីងខាងម្ដាយឈ្មោះ ជា សុខអូន អាយុ ៣០ឆ្នាំ រស់នៅភូមិកំពង់ខ្ទុម ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរកតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ