ក្រោយ​បង្ហោះ​ម៉ូតូ​យ៉ាង​សង្ហា​!! ត្រូវ​ចាប់​មក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​កិច្ចសន្យា​ម្តង

0

ពោធិ៍សាត់ ៖ ដោយ​អនុវត្ត​ជា​ប្រចាំ​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ធានា​បាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​សាធារណ​: ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​តា​ប៉ោង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​ចំនួន​០៣​នាក់ បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង ចំនួន​០៤​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​បង្ហោះ​លើ​ផ្លូវជាតិ​លេខ​៥   ស្ថិត​ក្នុងភូមិ​អូរ​តា​ប៉ោង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​និង​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​១០​និង​១៥​នាទី ។

តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​បង្ក្រាប​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០៤​នាក់​រួម​មាន ៖ ១.​ឈ្មោះ សុខ វីរ​: ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ ចិន្តា​យ ឃុំ​មេទឹក  សិស្ស​វិទ្យាល័យ​ព្រះ​ម្លូរ​។ ២.​ឈ្មោះ​ហេង ធិ​ក ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​តា​មុំ  ឃុំ​មេទឹក ជា​សិស្ស​វិទ្យាល័យ​ព្រះ​ម្លូរ​។ ៣.​ឈ្មោះ គា ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ប៉ោ​ឡោ ឃុំ​មេទឹក ជាងកាត់សក់​។ ៤.​ឈ្មោះ ថន ខាវ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ នៅ​ភូមិ ម៉ ឃុំ​មេទឹក មុខរបរ កម្មករ​សំណង់​។

បន្ទាប់​ពី​បង្ក្រាប​បាន​ក្មេង​ទំនើង កម្លាំង​នគរបាល​បាន​ដាក់​ទណ្ឌកម្ម​ដើម្បី​ឲ្យ​រាងចាល​ទៅ​ថ្ងៃក្រោយ និង​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​ក្មេង​ទំនើង​ទាំង​០៤​នាក់ ឲ្យ​ឈប់​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ​បន្ត​ទៀត និង​ឲ្យ​អាណាព្យាបាល​មក​ធានា​យក​ទៅ​លំនៅ​ដ្ឋា​ន​វិញ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ