ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១ និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ រ៉ាន់ សា ហៅ ហ្សា ហៅ ស្រីពៅ នៅចំណុចភោជនីយដ្ឋានមិនចាំយីហោ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកកាំបិតប៉័ងតោដេញកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JN៩១០១) ប្រព្រឹត្តនៅមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ក្រុម១ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣ និង ៣០ នាទី ហើយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧ និង ៣០ នាទី កម្លាំងការិយាល័យបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបក្ខពួករបស់ឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ ដែលបានចូលរួមធ្វើសកម្មភាពខាងលើបានចំនួន ០១ នាក់បន្ថែមទៀតឈ្មោះ តឿ ខី នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចោ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖
១-ឈ្មោះ រ៉ាន់ សា ហៅ ហ្សា ហៅ ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ តឿ ខី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស្រេង ភារុំ ភេទ ប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរដឹកអីវ៉ាន់។ សម្ភារបាត់បង់ ៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JN៩១០១ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ